ក្រុមការងារដោះមីនកម្ពុជា-ថៃ ជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែននៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ទល់មុខឃុំណូនម៉ាកម៉ូន ខេត្តស្រះកែវ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។

សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។

ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥

You might also like