បណ្តាញស្រ្តីរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលានៃសភាប្រើភាសាបារាំងចំនួន ៥សំខាន់

លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា និងជាអនុប្រធាននៃបណ្តាញស្រ្តីសភានៃរដ្ឋសភាកម្ពុជានិយាយភាសាបារាំង APF អញ្ជើញបន្តចូលរួមសិក្ខាសាលាលើកទី៨ នៅសាធារណរដ្ឋបារាំង ដោយបានចូលរួមកម្មវិធីសិក្ខាសាលា ៥សំខាន់ៗ ដូចខាងក្រោម៖
១. ស្តាប់បទបង្ហាញស្តីពី «ភាពវៃឆ្លាតខាងអារម្មណ៍» ដោយសាស្ត្រាចារ្យ Nathalie Rinfret មកពីសាលាជាតិរដ្ឋបាលសាធារណៈ កេប៊ិក និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
២. សិក្សាបទពិសោធន៍ថ្មីរបស់រដ្ឋសភាបារាំង ក្នុងកិច្ចប្រជុំស្តីពី «ការសួរសំណួរទៅកាន់រដ្ឋាភិបាល៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់របបសន្តិសុខសង្គម» នៅវិមានប៊ូបន (Bourbon)។
៣. ចូលរួមក្នុងជំនួបជាមួយគណៈប្រតិភូរដ្ឋសភាបារាំង ដើម្បីសិទ្ធិស្រ្តី និងឱកាសស្មើគ្នារវាងបុរស និងស្រ្តី។
៤. សិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី «ការហ្វឹកហាត់អំពីឥរិយាបថនៃការនិយាយជាសាធារណៈ»។
៥. សិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី «ការហ្វឹកហាត់និយាយជាសាធារណៈ៖ ការសម្តែងក្នុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន»។
គួរបញ្ជាក់ថា សិក្ខាសាលាលើកទី៨ ស្តីពី «ភាពជាអ្នកដឹកនាំរបស់សមាជិកា សភានិយាយភាសាបារាំង» នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង មានដំណើរការពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕

You might also like