នាយរងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បើកម៉ូតូបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ទៅក្រោមស្ពាន ស្លាប់
ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ថោង រតនា អាយុ៤១ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្ម (នាយរងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) បានទទួលមរណភាព ក្រោយបើកម៉ូតូបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ទៅក្រោមស្ពាន នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា រន្ធត់ណាស់បុរសជាមន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់បានបាក់កស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកប្រាបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទៅក្នុងប្រឡាយលូក្រោមស្ពាន។
នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PG-1 មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1LV- 4563ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះពេលជិះមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរ៉េចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពានព្រែកប្រាពេញទំហឹងធ្វើឲ្យបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទៅក្នុងប្រឡាយទឹកលូពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចនាំគ្នាជួយលើកមកលើគោកវិញតែអកុសល់ជនរងគ្រោះស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្ដោះសន្ន ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






