អារ៉ាប៊ីសាអ៊ូឌីត បង្កើនលក្ខខណ្ឌសម្រាប់ចំណងមិត្តភាពជាមួយអ៊ីស្រាអែល មុនកិច្ចពិភាក្សាជាមួយលោក Trump

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយអំពីលទ្ធភាពដែលអារ៉ាប៊ីសាអ៊ូឌីតយល់ព្រមធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពជាមួយអ៊ីស្រាអែល ប៉ុន្តែមិនទំនងជាកើតឡើងនៅពេលដែលព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman យាងទៅបំពេញទស្សនកិច្ចនៅសេតវិមាននៅខែនេះនោះទេ។
ការបង្កើតទំនាក់ទំនងការទូតរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីអរិភាពរាប់ទសវត្សរ៍អាចរង្គោះរង្គើដល់ទំនាក់ទំនងខាងនយោបាយ និងសន្តិសុខនៅមជ្ឈិមបូព៌ា ដែលអាចពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក Trump បាននិយាយកាលពីខែមុនថា លោកសង្ឃឹមថាអារ៉ាប៊ីសាអ៊ូឌីតនឹងចូលរួមជាមួយប្រទេសមូស្លីមផ្សេងទៀតក្នុងពេលឆាប់ៗ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាប្រាហាំឆ្នាំ ២០២០ (2020 Abraham Accords) ដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានប្រក្រតីភាពឡើងវិញ ។
ប្រភពចំនួនពីរមកពីរដ្ឋឈូងសមុទ្រមួយនេះ បានប្រាប់សារព័ត៌មាន Reuters ថា ប៉ុន្តែទីក្រុងរីយ៉ាដ (Riyadh)បានផ្តល់សញ្ញាទៅកាន់ទីក្រុងវ៉ាស៊ីនតោនតាមរយៈបណ្តាញការទូតថាជំហររបស់ខ្លួនមិនបានផ្លាស់ប្តូរទេ ខ្លួននឹងចុះហត្ថលេខាលុះត្រាតែមានកិច្ចព្រមព្រៀងលើផែនទីបង្ហាញផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន ។
ពួកគេបាននិយាយថា ចេតនាគឺដើម្បីជៀសវាងការវិនិច្ឆ័យខុសផ្នែកការទូត និងធានាបាននូវភាពត្រឹមត្រូវនៃជំហររបស់អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក មុនពេលសេចក្តីថ្លែងការណ៍សាធារណៈណាមួយត្រូវបានធ្វើឡើង។ បុគ្គលម្នាក់បាននិយាយថា គោលបំណងគឺដើម្បីជៀសវាងការភាន់ច្រឡំណាមួយនៅពេល ឬក្រោយកិច្ចពិភាក្សានៅសេតវិមាននៅថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខ៕

You might also like