គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើ OHCHR ធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Rory Mungoven ប្រធានការិយាល័យអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR) ចូលជួប ពិភាក្សាការងារ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងពីការ ជំរុញការដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពថៃ ការជំរុញការ ហាមឃាត់ការប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះ និងការប៉ះទង្គិចគ្នារវាងប្រទេស កម្ពុជានិងប្រទេសថៃ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងការខកចិត្តចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យប្រទេសថៃ អំឡុងពេលមានជម្លោះជាមួយនឹងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីតួនាទីយ៉ាងសំខាន់របស់សិទិ្ធមនុស្ស ក្នុងការពារសណ្ដាប់ធ្នាប់អន្តរជាតិ និងបានស្នើ លោក Rory Mungoven ចំពោះការធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា សូមឱ្យឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង។
ក្នុងកិច្ចជំនួបនេះ លោក Rory – Mungoven បានថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្តី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកនិងសហការី បានចូលជួបពិភាក្សាការងារ។ លោក Rory Mungoven បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការបង្ហាញពីសារៈសំខាន់ន សិទ្ធិមនុស្សក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ លោក Rory Mungoven ក៏បានអរគុណចំពោះគ្រប់ញត្តិដ៏មានសារៈសំខាន់របស់ គ.ស.ម.ក. ដែលបានដាក់ ទៅ ឯកឧត្តមឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ។ លោកបានបញ្ជាក់ថា ឯកឧត្តមឧត្តមស្នងការ សិទ្ធិមនុស្ស បានយកចិត្តទុកដាក់ខ្ពស់ចំពោះញត្តិទាំងនោះ និងបានតាមដានលើការអនុវត្តសេចក្ដីថ្លែង ការណ៍រួមរវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព។ ចំពោះសំណើ ទាំងពីររបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី លោកនឹងជំរុញកិច្ចការនេះបន្ថែម និងពាំនាំជូន ឯកឧត្តមឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស។ ទន្ទឹមនេះ លោក Rory Mungoven បានសាកសួរពីវឌ្ឍនភាពនៃសេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្ស និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងជំរុញការអនុវត្តប្រព័ន្ធគាំពារសង្គម និងកិច្ចការអាទិភាពមួយចំនួនទៀត៕







