កម្ពុជា ជំរុញផលិតផលសក្តានុពលទៅកាន់ទីផ្សារប្រទេសកាណាដា និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា
នាថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា”។
សិក្ខាសាលានេះ សហការរៀបចំដោយ នាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងមានសមាសភាពចូលរួមមកពីមន្ទីរពាក់ព័ន្ធ តំណាងតំបន់សេដកិច្ចពិសេសពាណិជ្ជករ រោងចក្រ សហគ្រាស និងនិស្សិត។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិកម្ពុជា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ក៏ដូចជាសារៈសំខាន់នៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដោយបានផ្តោតសំខាន់ទៅលើទីផ្សារនៅប្រទេសមួយចំនួនក្នុងទ្វីបអាម៉េរិកជាដើម។
ឯកឧត្តមអនុរដ្ឋលេខាធិការ បញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនិញសក្តានុពលកម្ពុជា ក៏ដូចជាបទបង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវបច្ចេកទេសក្នុងការនាំចេញទំនិញពីកម្ពុជា ទៅកាន់កាណាដាផងដែរ៕






