ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស ដែលទាហានថៃ បាញ់ប្រហារបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ និងរបួស នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋ១រូបបាត់បង់ជីវិត និង៣រូបទៀតរងរបួស នៅវេលាម៉ោង៣ និង៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីថ្កោលទោស របស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន ទទួលបាន។
អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ នៃដែនអធិបតេយ្យកម្ពុជា ក្រោយពីផ្ទះ សំបែងត្រូវបានភាគីថៃចូលរាយបន្លាលួសហ៊ុមព័ទ្ធ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ព្រមទាំងបានធ្វើ ឡើងទាំងក្នុងស្ថានភាពដែលភាគីកម្ពុជា បានកំពុងបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី យ៉ាងឱឡារិក។
អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធ រួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិច ប្រដាប់អាវុធកើតមានឡើង។ ជាក់ស្តែង បណ្តាញព័ត៌មានថៃ បានចេញផ្សាយបំភ្លៃស្ថានការណ៍ថា មានសំឡេងផ្ទុះអាវុធប្រមាណ១០នាទីចេញពី ទឹកដីកម្ពុជា។ ជាមួយគ្នានេះ ក្នុងគ្រាដែលកម្ពុជាចេញផ្សាយអំពីករណីកម្លាំងប្រដាប់អាវុធថៃបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់នោះ ពួកគេថែមទាំងបានបង្កើនការផ្សាយពន្លាត់យ៉ាងព្រោងព្រាតថា ជាព័ត៌មាន មិនពិត ឬជាព័ត៌មានក្លែងក្លាយ (Fake News) ទៀតផង។
នេះជាអំពើសាហាវយង់ឃ្នងថ្មីមួយទៀត ដែលភាគីថៃ បានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរ រស់នៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានចូលមករាយបន្លាលួសហ៊ុមព័ទ្ធ ផ្ទះសំបែង និងដីធ្លី ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានកន្លងទៅ។
បើគិតចាប់ពីពេលនោះមក ភាគីថៃបានព្យាយាមធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ តាមរយៈសកម្មភាព អមនុស្សធម៌ជាច្រើន ជាអាទិ៍ ការរាយបន្លាលួស ដាក់កង់ឡាន បាំងស្បៃខ្មៅ ព័ទ្ធដីភូមិ ដីចំការ ដីអាស្រ័យ ផល និងបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ការដឹកលាមករាប់ឡានបម្រុងបាញ់ស្រោចបណ្តេញអ្នកភូមិ ការបាញ់កាំភ្លើងគ្រាប់ជ័រ ជំពាមគ្រាប់ដែក គ្រាប់ឃ្លី ការបាញ់ផ្សែងពុល បណ្តាលឱ្យអ្នកភូមិរបួស និងសន្លប់ជាង៣០អង្គ-នាក់ ការចាក់សំឡេងរន្ធត់ សំឡេងរំខានជាច្រើនទៀតតាមឧបករណ៍បំពងសំឡេង គ្រប់ប្រភេទ ដែលជាអំពើ អមនុស្សធម៌ និងជាអំពើរំលោភសេចក្ដីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាច្រើនទៀត ពោលគឺសុទ្ធតែជា បទល្មើសឧក្រិដ្ឋកម្មអន្តរជាតិ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម -ល-។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងសូមចូលរួមរំលែកការឈឺចាប់របស់ជនរួមជាតិគ្រប់រូប ជាពិសេសជាមួយគ្រួសារ ដែលមានសមាជិក រងរបួស ដោយសារអំពើសាហាវព្រៃផ្សៃរបស់ភាគីថៃនេះ។ យើងសូមអំពាវនាវសហគមន៍អន្តរជាតិ មិត្តបរទេស អ្នកសារព័ត៌មានអន្តរជាតិ និងមនុស្សជាតិលើពិភពលោក ចូលរួមតាមដាន និងធ្វើសកម្មភាព ប្រកបដោយសច្ចធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃនៃសន្តិភាព។ ជាពិសេសសូមជួយជំរុញឱ្យភាគីថៃ វិលមកគោរពឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួរ ដើម្បីនាំមកនូវការផ្សះផ្សារ និងការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិវិធី និងច្បាប់ អន្តរជាតិ៕

You might also like