ម្សិលម៉ិញត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក្រោយពីព្រះចៅក្រុងសៀមរាមាទី១០ និងមហេសី ឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ស្រាប់តែវិហារដ៏ចំណាស់អាយុប្រមាណ១៥០០ឆ្នាំ បន្សល់តាំងពីសម័យរាជវង្សណានចាវឆាបឆេះ

អន្តរជាតិ ៖ ថ្វីត្បិតតែវាជារឿងចៃដន្យ ប៉ុន្តែក៏វាមានរឿងគួរឲ្យចាប់អារម្មណ៍ក្នុងការយកមកសរសេរចែករំលែកចែកជូនបងប្អូនប្រិយមិត្តបានដឹង និងកំសាន្ត។
ម្សិលម៉ិញត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក្រោយពីព្រះចៅក្រុងសៀមរាមាទី១០ និងមហេសី ឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ស្រាប់តែវិហារដ៏ចំណាស់អាយុប្រមាណ១៥០០ឆ្នាំ ដែលគេស្គាល់ថាជាអតីតវិហារបន្សល់តាំងពីសម័យរាជវង្សណានចាវឆាបឆេះ ហាក់ដូចជារង់ចាំស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចសៀម។ សម្រាប់អ្នករៀនប្រវត្តិសាស្រ្តប្រហែលអាចជាដឹងហើយថាពួករាជវង្សណានចាវ មានទំនាក់ទំនងអ្វីខ្លះជាមួយនឹងជនជាតិសៀម។ ប៉ុន្តែថ្ងៃនេះខ្ញុំមិននិយាយរឿងសៀមទេ តែមកនិយាយរឿងវិហារនេះ។ ជាការបង្ហោះដោយលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ខៀវ កាញារីទ្ធ បន្តថា ព្រះវិហារវត្តយុងឈីង (Yongqing Temple)មានទីតាំងស្ថិតនៅភ្នំហ្វេងហួង Fenghuang Mountain ទីក្រុងចាងជាកាំង ខេត្តជាំងស៊ូ Jiangsu ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសចិន។
វត្តនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ គ.ស. ៥៣៦ ក្នុងសម័យរាជវង្សលាង (Liang Dynasty)។ វត្តយ៉ុងឈីង ត្រូវបានគេស្គាល់ថាជាវត្តមួយក្នុងចំណោម “វត្តចំនួន ៤៨០ ក្នុងសម័យរាជវង្សណានឆាវ (Southern Dynasties)” ដែលធ្លាប់មានភាពរុងរឿងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៅភាគខាងត្បូងប្រទេសចិន។ ក្នុងសម័យរាជវង្សមិង (Ming) និងឈីង (Qing) វត្តនេះត្រូវបានជួសជុលចំនួន ៦ ដង។
• អគារដើមរបស់វត្តយ៉ុងឈីងត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងនៅឆ្នាំ ១៩៥៨ (ក្នុងសម័យបដិវត្តន៍វប្បធម៌ចិន) ហើយព្រះសង្ឃក៏ត្រូវបានបំបែកចេញពីគ្នា។
• នៅឆ្នាំ ១៩៩៣ វត្តបានចាប់ផ្តើមគម្រោងសាងសង់ឡើងវិញ ហើយបានបើកជាសាធារណៈនៅឆ្នាំ ១៩៩៩ ដោយមានការស្ថាបនាឡើងវិញនូវអគាររចនាបទបុរាណជាច្រើន រួមទាំងសាលាវេនឆាងដែលទើបនឹងឆេះនេះផងដែរ។
• នៅឆ្នាំ ២០០៧ វត្តនេះត្រូវបានចុះបញ្ជីជាអង្គភាពវត្ថុបុរាណវប្បធម៌ដែលត្រូវបានការពារដោយទីក្រុងចាងជាកាំង។
នៅវេលាម៉ោង ១១:២៤ នាទីព្រឹក ថ្ងៃទី ១២ ខែ វិច្ឆិកា អគ្គិភ័យបានផ្តើមឆាបឆេះចេញពីអគារសាលាប្រវត្តិសាស្ត្រមួយឈ្មោះ សាលាវេនឆាង (Wenchang Pavilion)នៃវត្តនេះ។
សាលាវេនឆាង (Wenchang Pavilion) ដែលបានឆេះរលត់ទៅនោះ គឺត្រូវបានគេជឿថាជាកន្លែងដែលអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់របស់ចិនឈ្មោះ ស៊ី ណៃអាន (Shi Nai’an) ធ្លាប់បានលាក់ខ្លួន និងនិពន្ធផ្នែកខ្លះនៃប្រលោមលោកបុរាណដ៏អស្ចារ្យមួយរបស់ចិន គឺរឿងអ្នកក្លាហាននៅភ្នំលាងសាន The Water Margin ដែលកើតឡើងក្នុងអំឡុងចុងសម័យរាជវង្សយាន។
នៅក្នុងអក្សរសិល្ប៍ចិន មានរឿងប្រលោកលោកចំនួនបួនដែលគេចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យបំផុតនោះគឺ ១. រឿងសាមកុក ឬនគរទាំងបី ២. រឿងដំណើរឆ្ពោះទៅទិសខាងលិច ឬថាំងចេងទៅចម្លងធម៌ ៣. រឿងអ្នកក្លាហានភ្នំលាងសាន ៤. រឿងសុបិន្តក្នុងវិមានក្រហម។

You might also like