ប្រធានអាស៊ាន ៖ កម្ពុជា និងថៃ បញ្ជាក់ឡើងវិញ អំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងជំរុញវឌ្ឍនភាពលើការដោះមីន

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ – នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់នៅថ្ងៃអាទិត្យនេះ អំពីលទ្ធផលវិជ្ជមាននៃកិច្ចពិភាក្សារបស់លោក ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ។
តាមរយៈទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម លោក អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា «ក្នុងអំឡុងពេលកិច្ចសន្ទនារបស់ខ្ញុំជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានានូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព»។
លោកនាយករដ្ឋមន្ត្រី អ៊ីប្រាហ៊ីម ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសទាំងពីរបានប្តេជ្ញាចិត្តធ្វើឱ្យមានវឌ្ឍនភាពលើកិច្ចប្រឹងប្រែងដោះមីនរួម ដែលបានព្រមព្រៀងគ្នា នៅតាមព្រំដែននៃប្រទេសទាំងពីរ ហើយ «យើងក៏បានឯកភាពគ្នាផងដែរថា វឌ្ឍនភាពប្រកបដោយអត្ថន័យ ត្រូវតែធ្វើឡើងលើបញ្ហាដោះមីន ដោយពុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មណាមួយឡើយ»។
ប្រធានអាស៊ានបច្ចុប្បន្នរូបនេះ បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តដោយផ្ទាល់ និងយ៉ាងសកម្ម របស់លោកប្រធានាធិបតីអាមេរិក ត្រាំ ក្នុងការដោះស្រាយបញ្ហានេះ៕

You might also like