ព្យុះ Claudia វាយលុកអឺរ៉ុប ដោយនាំមកនូវទឹកជំនន់ដ៏ធំ ការស្លាប់និងរបួសជាច្រើន

មន្រ្តីអាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ (១៥ វិច្ឆិកា) ថា អាកាសធាតុដ៏កម្រោលនៅទ្វីបអឺរ៉ុប ដែលបង្កឡើងដោយព្យុះ Claudia បានសម្លាប់មនុស្សយ៉ាងតិច ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅប្រទេសព័រទុយហ្គាល់ ខណៈក្រុមជួយសង្គ្រោះនៅចក្រភពអង់គ្លេស កំពុងប្រឹងប្រែងជម្លៀសប្រជាជននៅតំបន់ជាច្រើន ដោយសារទឹកជំនន់យ៉ាងខ្លាំងក្លា បង្កការជន់លិចនៅដែនដីវែលស៍ និងអង់គ្លេស។
ព័រទុយហ្គាល់ និងផ្នែកខ្លះនៃប្រទេសអេស្ប៉ាញដែលនៅជិតខាង បានប្រឈមនឹងស្ថានភាពអាកាសធាតុយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនថ្ងៃមកហើយ បង្កឡើងដោយព្យុះ Claudia ដែលក៏បានជន់លិចដល់ផ្នែកខ្លះនៃចក្រភពអង់គ្លេស និងអៀរឡង់ នៅថ្ងៃសៅរ៍កន្លងទៅ។
សេវាសង្គ្រោះបន្ទាន់និយាយថា ព្យុះកួចមួយបានវាយប្រហារក្រុង Albufeira នៅភាគខាងត្បូងព័រទុយហ្គាល់ ហើយលោក Vitor Vaz Pinto ប្រធានទីភ្នាក់ងារការពារស៊ីវិលក្នុងតំបន់ បាននិយាយថា មនុស្សជិត ៣០នាក់ បានរងរបួសក្នុងហេតុការណ៍នេះ។ សេវាអាកាសធាតុព័រទុយហ្គាល់ IPMA បានដាក់តំបន់ Algarve ទាំងមូល ព្រមទាំងស្រុក Beja និង Setubal នៅក្រោមការព្រមានពណ៌លឿង ដែលជាកម្រិតប្រកាសអាសន្នអាកាសធាតុខ្ពស់បំផុតទីពីររបស់ខ្លួន។
នៅចក្រភពអង់គ្លេសវិញ ទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារទីក្រុង Monmouth និងតំបន់ជុំវិញភាគអាគ្នេយ៍របស់ដែនដីវែលស៍ កាលពីថ្ងៃសៅរ៍។ សេវាសង្គ្រោះ និងពន្លត់អគ្គិភ័យ South Wales បាននិយាយថា ខ្លួនកំពុងធ្វើការជួយសង្គ្រោះ ជម្លៀស និងចុះពិនិត្យសួរសុខទុក្ខពលរដ្ឋដែលរងផលប៉ះពាល់៕

You might also like