មនុស្សរាប់ពាន់នាក់ ចេញតវ៉ានៅម៉ាសេដូនីខាងជើង ទាមទារយុត្តិធម៌ឱ្យជនរងគ្រោះជាង ៦០នាក់ ក្នុងអគ្គិភ័យក្លឹបរាត្រី
ហ្វូងមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ស្កុបជេ នៃប្រទេសម៉ាសេដូនីខាងជើង កាលពីថ្ងៃសៅរ៍ (១៥ វិច្ឆិកា) ក្នុងការតវ៉ាដ៏ធំ ជុំវិញហេតុការណ៍ឆេះក្លឹបរាត្រីដ៏អាក្រក់មួយកាលពីខែមីនា កន្លងទៅ ដែលបានសម្លាប់មនុស្សចំនួន ៦៣នាក់។
ក្រុមគ្រួសារនៃអ្នកស្លាប់ និងអ្នកគាំទ្ររបស់ពួកគេ បានចេញតវ៉ាដោយកាន់រូបភាព និងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីទាមទារយុត្តិធម៌ឱ្យជនរងគ្រោះនៃអគ្គិភ័យនោះ ដែលបានផ្ទុះឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រគុំតន្ត្រីបែបហ៊ីបហបមួយ នៅទីក្រុង Kocani ដែលមានមនុស្សរស់នៅ ២៥.០០០នាក់ ចម្ងាយ ៨០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីស្កុបជេ។
បាតុករមួយចំនួនក្នុងចំណោមអ្នកតវ៉ាបាននិយាយថា “សង្ឃឹមថាគ្រប់គ្នានឹងមិនបំភ្លេច សង្ឃឹមថាគ្រប់គ្នានឹងមិនចុះចាញ់ទេ ហើយក៏សង្ឃឹមថា នៅទីបំផុត នឹងអាចមាននីតិវិធីច្បាប់នៅប្រទេសនេះ ដែលអ្នកធ្វើខុសទាំងអស់ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់”។
គិតមកទល់ពេលនេះ អាជ្ញាធរម៉ាសេដូនីខាងជើង បានចោទប្រកាន់មនុស្ស ៣៧នាក់ ពាក់ព័ន្ធនឹងអគ្គិភ័យនេះ។ គួររម្លឹកថា មនុស្ស ៦៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ខណៈពួកគេប្រញាប់ប្រញាល់រត់ចេញតាមច្រកចេញចូលតែមួយគត់ របស់ក្លឹបរាត្រីដែលគ្មានអាជ្ញាបណ្ណនោះ ពេលដែលអណ្តាតភ្លើងបានឆាបឆេះរាលដាលពេញដំបូលរបស់អគារ។ សវនាការជំនុំជម្រះលើកដំបូងលើគ្រោះថ្នាក់នេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ៕






