គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនរ៉ឺនេសង់ ផលិតមាសបាន ១៦ តោន និងបង់ចំណូលចូលរដ្ឋជាង ១២៦ លានដុល្លារ

ភ្នំពេញ ៖ គិតមកដល់រយៈពេលនេះ ក្រុមហ៊ុន រ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ជាង ២៧ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួនជាង ៩៩ លានដុល្លារអាមេរិក និងផ្តល់ការងារបានចំនួន ៦៩៧ កន្លែង។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ម័រហ្គេន ហាត (Morgna Hart) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីតធីត (Renaissance Minerals Cambodia Limited) នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងបង្កើនភាពជា ដៃគូជាមួយវិស័យឯកជន ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited កាលពីឆ្នាំ ២០១៩។
គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាស ចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន, ក្រុមហ៊ុនរ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋ សរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់។ ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិសម្រាប់អភិវឌ្ឍ សហគមន៍មូលដ្ឋានចំនួន ៥០ ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចូលរួមសកម្មភាពសង្គមផ្សេងៗដូចជា ការដាំកូនឈើ នៅតំបន់ គោលដៅទេសចរណ៍នៅភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់, ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន, ឧបត្ថម្ភសម្ភារៈសិក្សា ផ្សេងៗនៅតាមសាលារៀននានា, ផ្ដល់ពូជឈើសម្រាប់បណ្តុះនៅសាលារៀន រួចទិញត្រឡប់មកវិញ ដើម្បីដាំស្តារការដ្ឋានរ៉ែជាដើម។
អនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេស តាមរយៈការដាក់ ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន បូករួមជាមួយប្រតិបត្តិការដ៏ជោគជ័យនៃអាជីវកម្មរបស់គម្រោងខាងលើ ដែលបានផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តគាំទ្រ ដោយអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានែរ៉ែចំនួន ២ បន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា រួមមាន៖ (១) កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយ បញ្ចូលបន្ថែមគម្រោងអណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ ចំនួន ប្រមាណ ៣៤ តោន។ គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១ ០០០ លានដុល្លារអាមេរិក ដែលរួមមានសួយសារ និង សារពើពន្ធផ្សេងៗ និង(២) កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមាន លក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦ តោន ក្នុងអាយុកាល៧ឆ្នាំ នៃអណ្ដូងរ៉ែបើក។
គម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋ- កិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ រួមមាន៖ សួយសារ, សារពើពន្ធផ្សេងៗ និង បង្កើតការងារប្រមាណ ៥០០ កន្លែង។

You might also like