អណ្តើកសមុទ្រ ២ក្បាល ត្រូវបានលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានទទួលអណ្ដើកសមុទ្រ(ល្មិច) ចំនួន២ក្បាលពីប្រជានេសាទរស់នៅកោះពោធិ៍ តាមរយៈស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ នឹងលែងចូលសមុទ្រវិញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
តានការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទី១ មានភេទញី ទម្ងន់៦០គីឡូក្រាម បណ្ដោយប្រវែង៧១សង់ទីម៉ែត្រ ទទឹងប្រវែង៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ភេទ ឈ្មោល មានទម្ងន់១៤គីឡួក្រាម បណ្ដោយប្រវែង៥១សង់ទីម៉ែត្រ ទទឹងប្រវែង៤៨ សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089។
យ៉ាងណាមិញ មួយរយ:ចុងក្រោយនេះ អ្នកនេសាទតែងប្រទះនិងចាប់បានដោយចៃដន្យ នូវពពួកសត្វសមុទ្រ កម្រៗច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ ដើម្បីលែងចូលក្នុងសមុទ្រវិញ។ ដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងមានស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្តផងដែរ៕






