កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីឆបោក (ហេកយកតេឡេក្រាម)

កណ្តាល ៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
ជាក់ស្តែងនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឆបោក (ហេកយកតេឡេក្រាម) មួយកើតឡើង នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ បង្កដោយជនសង្ស័យ ចំនួន ០១ក្រុម បានធ្វើសកម្មភាពហេកប្រព័ន្ធ Facebook និង ប្រព័ន្ធTelegram របស់ជនរងគ្រោះឈ្មោះ សាន កែវ ក្រោយហេកយកប្រព័ន្ធTelegram របស់ជនរងគ្រោះបានហើយ បានឆាតទៅខ្ចីប្រាក់ជនរងគ្រោះឈ្មោះ ឆិល ស្រីរ៉េន ឲ្យផ្ញើប្រាក់ទៅឲ្យខ្លួនដោយប្រាប់ថាកូនឈឺ ជនរងគ្រោះមិនបានដឹង ក៏បានផ្ញើប្រាក់ទៅឲ្យជនសង្ស័យ ចំនួន២០០$(ពីររយដុល្លា) តាមសេវ៉ាផ្ទេរប្រាក់វីង។ ក្រោយមកជនរងគ្រោះ បានដឹងថាតេលេក្រាមរបស់ជនរងគ្រោះឈ្មោះ សាន កែវ ត្រូវបានគេហេកយក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តកណ្តាលតែម្តង។ ហើយជនសង្ស័យបានបន្តបង្កើតតេលេក្រាមដោយដាក់ ឈ្មោះ និង រូបថត របស់ថ្នាក់ដឹកនាំ យកទៅឆាតខ្ចីប្រាក់មន្ត្រីក្រោមឱវាទ និងអ្នកផ្សេងៗ ជាច្រើននាក់ទៀត ដែលធ្វើឲ្យប៉ះពាល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំ។
ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញ កងរាជអាវុធហត្ថ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយ លោក មេបញ្ជាការរង ទទួលជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល ចុះប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើ។
ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នារវាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកងរាជអាវុធហត្ថខណ្ឌដូនពេញ និង ជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ជួប មេត្រី ភេទប្រុស និងឈ្មោះ សេត ដារ៉ា ភេទប្រុស ដែលមកដកប្រាក់របស់ជនរងគ្រោះផ្ញើទៅឲ្យ នៅចំណុចភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំខ្លួនយកមកសាកសួរ។
ដោយបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សេត ដារ៉ា នៅវេលាម៉ោង១៧:២៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តកណ្តាល និងកម្លាំងជំនាញ កងរាជអាវុធហត្ថ ស្រុកអង្គស្នួល បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ែន ចាន់ណា ហៅលក និងឈ្មោះ តូច ពៅ ភេទស្រី ដកហូតវត្ថុតាងមួយចំនួន នៅចំណុចភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នាំខ្លួនយកមកសាកសួរនៅអង្គភាព។
ក្រោយសាកសួរ និងដោយមានការអនុញ្ញាត្តិពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឲ្យឈ្មោះ ជួប មេត្រី ភេទប្រុស ត្រលប់ទៅលំនៅឋានវិញ ចំណែកឈ្មោះ សេត ដារ៉ា ភេទប្រុស, ឈ្មោះ ប៉ែន ចាន់ណា ហៅលក ភេទប្រុស និងឈ្មោះ តូច ពៅ ភេទស្រី កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
+វត្ថុតាងដកហូតរួមមានៈ ទូរស័ព្ទ ចំនួន ០៥គ្រឿង មានស៊ីមកាត ចំនួន ៨ស៊ីម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ facebook telegram ឬប្រព័ន្ធផ្សេងៗទៀត មុននឹងផ្ញើប្រាក់ ត្រូវសិក្សាឲ្យបានច្បាស់លាស់ជៀសវាងការចាញ់បោករបស់ជនខិលខូច។

You might also like