ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញជួបសំណេះសំណាល និងជម្រាបលា ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre)
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសំណេះសំណាល និងជម្រាបលា ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងសហការី នៅទីស្នាក់ការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ទីក្រុងតូក្យូ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងជប៉ុន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលតែងតែបានចូលរួមសហការរៀបចំ ក៏ដូចជាចូលរួម គាំទ្រយ៉ាងសកម្ម រាល់សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ រៀបចំឡើងដោយស្ថានទូត ជាពិសេសការអនុវត្តន៍គម្រោងរួមគ្នា ពិព័រណ៍ពាណិជ្ជកម្ម សិក្ខាសាលាវិនិយោគ ការសម្របសម្រួលកម្មវិធីជូនថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងបេសកកម្មនៅក្នុងប្រទេសជប៉ុន និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលមានកន្លងមករវាងស្ថានទូត និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។
ឯកឧត្តម បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ពិតជាបានរួមចំណែកយ៉ាងធំធេង ដែលធ្វើឱ្យដំណើរការរៀបចំព្រឹត្តិការណ៍សំខាន់ៗ របស់ស្ថានទូត បានប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ ក្នុងអំឡុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម។
ក្នុងឱកាសនោះដែរ ឯកឧត្តម Kunihiko Hirabayashi ក៏បានសម្ដែងនូវអំណរសាទរ និងថ្លែងសសើរ អំពីសកម្មភាពជាច្រើនរបស់ ឯកឧត្តម ឯកអគ្គរាជទូត ដែលប្រកបដោយសមិទ្ធិផលផ្លែផ្កា ក្នុងអំឡុងបំពេញភារកិច្ចរបស់ឯកឧត្តម នៅប្រទេសជប៉ុន៕






