ឯកឧត្តម អ៊ុក វុទ្ធី អញ្ជេីញចុះពិនិត្យជាក់ស្តែងអាងទឹកស្ទឹងជីនិត(ទំនប់១មករា) ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីជំរុញការរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យជាក់ស្តែងអាងទឹកស្ទឹងជីនិត(ទំនប់១មករា) ដែលស្ថិតក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក ដើម្បីជំរុញការរៀបចំចុះបញ្ជី អាងទឹកស្ទឹងជីនិត ដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ រដ្ឋបាលស្រុក និងអាជ្ញាធរដែនដីជាច្រើនរូប។
ក្នុងឱកាសនេះ ក្រុមការងារបច្ចេកទេសក្រសួង ក៏បានបណ្តុះបណ្តាលលើវិធីសាស្ត្រក្នុងការវាស់ស្ទង់ឋានលេខា និងការធ្វើផែនទី ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើដល់រដ្ឋបាលស្រុក និងអាជ្ញាធរដែនដី ចូលរួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីចុះបញ្ជីអាងទឹកទុកជាសម្បតិទ្រព្យសាធារណៈរបស់រដ្ឋ និងរៀបចំការអភិវឌ្ឍកែលម្អប្រព័ន្ធអាងទឹកស្ទឹងជីនិតនេះឱ្យកាន់តែមានសោភ័ណភាពល្អប្រសើរ៕






