ឯកឧត្តម ថោ ជេដ្ឋា ៖ សមាជិកគណបក្សគ្រប់រូបជាកោសិកាមួយរបស់គណបក្ស និងជំរុញឱ្យបក្សរឹងមាំឈានទៅដឹកនាំមាគ៌ាបក្ស និងប្រទេសជាតិឱ្យបានរីកចំរើន
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំការងារគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម នៅវិមាន៧មករា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនក្រសួងធនធានទឹក និងឧតុនិយម ប្រមាណ ១៣៥រូប។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ថោ ជេដ្ឋា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោប្រធានគណបក្ស សម្តេចពញ្ញាចក្រីប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិកសមាជិកាគណបក្សទាំងអស់ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន រួបរួមសាមគ្គីគ្នាបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនជូនគណបក្ស និងជាតិមាតុភូមិ។
ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា សមាជិកគណបក្សគ្រប់រូបជាកោសិកាមួយរបស់គណបក្ស និងជំរុញឱ្យបក្សរឹងមាំឈានទៅដឹកនាំមាគ៌ាបក្ស និងប្រទេសជាតិឱ្យបានរីកចំរើន។ ឯកឧត្តមបានស្នើដល់សមាជិក សមាជិកាគណបក្សក្រសួងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ចុះដោយផ្ទាល់ទៅដល់មូលដ្ឋាន ផ្សព្វផ្សាយពីកម្មវិធីនយោបាយគណបក្ស ពង្រឹងសតិអារម្មណ៍សមាជិកគណបក្ស ទាំងនៅតាមសាខាគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួង និងនៅមូលដ្ឋាន ដើម្បីពង្រឹង និងពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានឱ្យបានកាន់តែរឹងមាំថែមទៀត ជាពិសេសបំផុសស្មារតីប្រជាជនឱ្យយល់ច្បាស់ពី «គុណតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងចូលរួមថែរក្សាការពារឱ្យបានជាដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ៕






