ខ្មាន់កាំភ្លើង វាយប្រហារទៅលើសាលាបង្រៀនកាតូលិក នៅតំបន់ភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា ហើយបានចាប់ពង្រត់សិស្សសាលាជាង២០០ នាក់
នីហ្សេរីយ៉ា៖ បើតាមការអះអាងរបស់សមាគមគ្រិស្តបរិស័ទនៃប្រទេសនីហ្សេរីយ៉ាបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានវាយប្រហារទៅលើសាលាបង្រៀនកាតូលិកនៅតំបន់ភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា ហើយបានចាប់ពង្រត់សិស្សសាលាជាង២០០ នាក់កាលពីថ្ងៃសុក្រទី២១ ខែវិច្ឆិកា ខណៈនេះគឺជាការចាប់ពង្រត់ចុងក្រោយបំផុតនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិកមួយនេះ។
ការវាយប្រហារ និងការចាប់ពង្រត់បានកើតឡើងនៅសាលា St. Mary’s ដែលជាស្ថាប័នកាតូលិកនៅក្នុងសហគមន៍ប៉ាពីរី(Papiri) ខណៈសាលារៀនមួយនេះមានសិស្សអាយុចន្លោះពី ១២ទៅ ១៧ឆ្នាំ។
លោក ដាណ្យែល អាតូរី (Daniel Atori) អ្នកនាំពាក្យនៃរដ្ឋ Niger State បានលើកឡើងថា ក្រុមអ្នកវាយប្រហារបានចាប់ពង្រត់សិស្ស ២១៥នាក់ ព្រមទាំងគ្រូបង្រៀនចំនួន ១២នាក់ផងដែរ។
ប៉ូលិសរដ្ឋនី Niger State បានអះអាងថា ការចាប់ពង្រត់នេះបានកើតឡើងនៅព្រឹកព្រលឹមទី២១ ខែវិច្ឆិកា ហើយកងកម្លាំងយោធា និងសន្តិសុខត្រូវបានដាក់ពង្រាយទៅកាន់សហគមន៍ចាប់តាំងពីពេលនោះមក៕






