លោក Zelenskyy ថា អ៊ុយក្រែនដឹងគុណចំពោះកិច្ចប្រឹងប្រែងរបស់អាមេរិកណាស់ ក្រោយលោក Trump រិះគន់

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) ថា អ៊ុយក្រែនដឹងគុណដល់សហរដ្ឋអាមេរិក និងលោកប្រធានាធិបតី Donald Trump ខ្លាំងណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងជួយដល់ទីក្រុងគីវ។
ក្នុងការបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាម លោក Zelenskyy បានសរសេរថា “អ៊ុយក្រែន ពិតជាអរគុណដល់សហរដ្ឋអាមេរិក ដល់ប្រជាជនអាមេរិកគ្រប់រូប និងជាពិសេសចំពោះលោកប្រធានាធិបតី Trump សម្រាប់ជំនួយទាំងឡាយ ដែលចាប់ផ្តើមពីមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលបានជួយសង្គ្រោះជីវិតប្រជាជនអ៊ុយក្រែន” ។
សារបង្ហោះនេះកើតឡើងបន្ទាប់ពីលោក Trump បានរិះគន់ខ្លាំងៗថា ថ្នាក់ដឹកនាំអ៊ុយក្រែនមិនសម្តែង “ការដឹងគុណទាល់តែសោះ” សម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោក Zelenskyy ក៏បានសម្តែងអំណរគុណចំពោះអឺរ៉ុប និងក្រុមប្រទេស G7 និង G20 សម្រាប់ជំនួយរបស់ពួកគេ ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការគាំទ្រនេះឱ្យទៅមុខ គឺមានសារៈសំខាន់ជាខ្លាំង។
លោកបានសរសេរថា៖ “នេះជាមូលហេតុដែលអ៊ុយក្រែនកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើគ្រប់ចំណុច គ្រប់ជំហាន ឆ្ពោះទៅរកសន្តិភាព។ គ្រប់យ៉ាងត្រូវតែដំណើរការឱ្យបានត្រឹមត្រូវ ទើបអាចបញ្ចប់សង្រ្គាមនេះ និងទប់ស្កាត់កុំឱ្យសង្រ្គាមកើតឡើងម្តងទៀត”៕

You might also like