ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍឯកសារទស្សនទានដាក់ស្នើទៅមូលនិធិអាកាសធាតុបៃតង (GCF)
នៅថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍឯកសារទស្សនទានសម្រាប់គម្រោង “SAMBO TREI – ឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីធន់ និងជលផលក្នុងប្រទេសកម្ពុជា” ដែលត្រូវបានបង្កើតឡើងសម្រាប់ការដាក់ស្នើមូលនិធិអាកាសធាតុបៃតង (GCF) ក្រោមវិធីសាស្រ្តវាយតម្លៃជាក់លាក់នៅការិយាល័យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) រាជធានីភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្នុងគោលបំណងគឺដើម្បី ទី១)បង្ហាញដំណើរការដាក់ស្នើ និងពេលវេលាកំណត់ ទី២)ចែករំលែកឯកសារទស្សនទានគម្រោងដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ធាតុចូល និងទី៣)ពិភាក្សា និងឯកភាពលើសកម្មភាពបន្ទាន់ដែលត្រូវការដើម្បីធានាការដាក់ស្នើទាន់ពេលវេលាទៅមូលនិធិអាកាសធាតុបៃតង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា លទ្ធផលកិច្ចពិភាក្សានេះ រួមមាន៖ ទី១)ឯកសារទស្សនទានគម្រោងត្រូវបានផ្ទៀងផ្ទាត់ពីមន្ត្រីជាន់ខ្ពស់ផ្តល់ធាតុចូល និងអនុម័ត ដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ការដាក់ស្នើ ទី២)ភាពច្បាស់លាស់លើកិច្ចដំណើរការដាក់ស្នើតាមពេលវេលាកំណត់ ទី៣)ការឯកភាពគ្នាលើភារកិច្ច និងការទទួលខុសត្រូវ ដើម្បីធានាការដាក់ស្នើទាន់ពេលវេលា និងទី៤)កិច្ចព្រមព្រៀង និងជំហានបន្ទាប់ត្រូវបានកត់ត្រាជាផ្លូវការសម្រាប់ជាឯកសារយោង និងការតាមដាន៕






