ទឹកជំនន់ដ៏អាក្រក់បំបែកកំណត់ត្រា២៥ឆ្នាំ វាយប្រហារតំបន់ Hat Yai ខេត្ត Songkhla គឺកើតឡើងដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងក្លាបំផុត មិនធ្លាប់មានក្នុងរយៈពេល ៣០០ឆ្នាំ!
នាយកដ្ឋានធារាសាស្ត្រថៃ បានប្រកាសថា មូលហេតុដែលនាំអោយកើតមានគ្រិះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង ១០ខេត្ត គឺបណ្តាលមកពីឥទ្ធិពលខ្យល់មូសុង និងសម្ពាធទាប ដែលបានបង្កឲ្យមាន ទឹកភ្លៀងធ្លាក់ក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០០ឆ្នាំ វាយប្រហារលើស្រុក Hat Yai ខេត្ត Songkhla។
យោងតាមការកត់ត្រា តំបន់ Hat Yai បានទទួលរបបទឹកភ្លៀងធ្លាក់ សរុបរយៈពេល ៣ថ្ងៃ ១៩-២១ វិច្ឆិកា ដល់ ទៅ ៦៣០ មីលីម៉ែត្រ ដែលលើសពីកំណត់ត្រាទឹកជំនន់ធំឆ្នាំ ២០១០ (៤២៨ ម.ម.)។
នាយកដ្ឋានធារាសាស្ត្រថៃ កំពុងចាត់វិធានការជាបន្ទាន់ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ៣២គ្រឿង និងម៉ាស៊ីនកង្ហាររុញទឹក ១៤គ្រឿង រួមទាំងប្រឡាយបង្ហូរថ្មី Khlong Phuminat Damri (R.1) ដែលមានសមត្ថភាពបង្ហូរ ១,២០០ ម៉ែត្រគីបក្នុង១វិនាទី ដើម្បីបញ្ចៀសទឹកចេញពីតំបន់ Hat Yai ឱ្យបានលឿនបំផុត។
ជាក្តីរំពឹង ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមទេ ស្ថានការណ៍ត្រូវបានរំពឹងថានឹងធូរស្រាល និងវិលមកធម្មតាវិញក្នុងរយៈពេល ៣-៥ ថ្ងៃ។ ប៉ុន្តែពេលនេះ វត្តមានព្យុះត្រូពិកថ្មីកំពុងកើតមានក្នុងតំបន់ តើស្ថានភាពនៅថៃនឹងអាចធូរស្រាល ឬ ធ្ងន់ជាងមុន ? មានតែរងចាំអ៊ុតមើលទាំងអស់គ្នា! ៕






