ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
នៅថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) លើប្រព័ន្ធធារាសាស្ត្រចំនួន៦ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។
ក្រោយពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួងបានវាយតម្លៃប្រព័ន្ធធារាសាស្ត្រទាំងអស់ខាងលើ ដោយទទួលបានការជួសជុល និងការថែទាំ (O&M) ជាប្រចាំល្អប្រសើរ ហើយប្រព័ន្ធធារាសាស្ដ្រទាំងនេះបានជួយលើកកម្ពស់សេដ្ឋកិច្ច-សង្គមរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់ តាមរយៈការស្រោចស្រព ទឹកស្អាត ផ្លូវគមនាគមន៍ និងការប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមពីលើនេះ ក្រុមការងារក៏បានផ្តាំផ្ញើដល់មន្ទីរត្រូវតែបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធនឹងលក្ខណ:បច្ចេកទេស ជាពិសេសសោភ័ណភាពនៃប្រព័ន្ធធារាសាស្ត្រផងដែរ៕






