កម្ពុជា-សហភាពអឺរ៉ុប ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក ស៊ែរហ្គេ ប៊ូខឺ (Sergei Boeke) ទីប្រឹក្សាយោធាថ្មីនៃសហភាពអឺរ៉ុបប្រចាំអាស៊ាន ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកវរនាវីឯក ដែលបានមកបំពេញបេសកកម្មការងារនៅកម្ពុជា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងរកលទ្ធភាពនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការជួបពិភាក្សានេះ គឺជាការបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិកម្ពុជា និងស្ថាប័នយោធានៃសហភាពអឺរ៉ុប ដើម្បីរួមចំណែកដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕






