ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា កិច្ចប្រជុំផ្តោតការពិភាក្សាលើស្ថានភាពប្រព័ន្ធប្រឡាយមេដែលមានស្រាប់ សណ្ឋានដីនិងឋានលេខា ការកែលម្អប្រព័ន្ធប្រឡាយ និងទិសដៅលំហូរទឹកទៅតាមតំបន់ រួមមាន ១)តំបន់ភាគខាងជើង មានដូចជា ប្រឡាយអូរអាគុជ ប្រឡាយបាក់ទូក ប្រឡាយអូរវែង ប្រឡាយពោងពាយ ប្រឡាយទួលសំពៅ ប្រឡាយមហាវិថីឈ្នះឈ្នះជាដើម និង ២)តំបន់ភាគខាងត្បូងមានដូចជា ប្រឡាយស្ទឹងមានជ័យ ប្រឡាយបឹងត្របែក ប្រឡាយទួលពង្រ ប្រឡាយជើងឯក ប្រឡាយជ្រៃធំ ប្រឡាយម៉ល ប្រឡាយប្រទះឡាង ប្រឡាយក្រាំងពង្រ ជាដើម។ តំបន់ភាគខាងជើងគ្របដណ្ដប់លើតំបន់តាមោកខាងកើត ហាណូយខាងលិច ពោងពាយនិងអូរវែង ទួលគោក វត្តភ្នំខាងជើង និងតំបន់បឹងត្របែក ចំណែកតំបន់ភាគខាងត្បូងគ្របដណ្តប់លើតំបន់PPSEZ ផ្លូវជាតិលេខ៣លិច ជើងឯកនិងទួលពង្រ ប្រទះឡាង ក្រាំងពង្រ និងតំបន់ពោធិ៍ចិនតុង៕






