ក្រសួងមហាផ្ទៃ នឹងសាងសង់អគារពន្ធនាគារថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជាប់ឃុំ
ក្រសួងមហាផ្ទៃ នឹងធ្វើការសាងសង់នូវអគារពន្ធនាគារថ្មីបន្ថែមទៀតស្របទៅតាមស្តង់ដា ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជាប់ឃុំ ខណៈគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះអ្នកជាប់ឃុំក្នុងព័ន្ធនាគារមាន រហូតដល់ជាង៦ម៉ឺននាក់ ដោយក្នុងនោះជនបរទេសជិត៥ពាន់នាក់ ហើយអ្នកដែលជាប់ច្រើនជាងគេ គឺ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធនាគារ ដែលបានបង្ហាញនៅក្នុងសន្និបាត ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឧត្តមអគារនុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធធានាគារ នឹងបន្តជំរុញលើកកម្ពស់គុណភាពការងារអប់រំកែប្រែ ស្តារនីតិសម្បទា ការងារសុខភាព និងអនាម័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ព្រមទាំងអនុវត្តកម្មវិធីសមា ហរណកម្ម និងបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាពការអនុវត្តនីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងប្រ សិទ្ធភាពត្រួតពិនិត្យ ឆែកឆេររកឧបករណ៍ វត្ថុសម្ភារហាមឃាត់ចូលពន្ធនាគារស៊ើបអង្កេតស្រាវជ្រាវបង្ការ ទប់ស្កាត់អំពើល្មើសផ្សេងៗពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនតែម្តង។
បើតាមរបាយការណ៍បានបញ្ជាក់ថា សព្វថ្ងៃកំណើនជនជាប់ឃុំមានការកើនឡើងបង្កឲ្យមានភាព ចង្អៀត ខ្វះអគារឃុំឃាំងស្របតាមស្តង់ដា អប្បបរមាសំណង់ពន្ធនាគារ ខណៈពេលដែលអគារឃុំឃាំង បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម នៅតាមមណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃ នឹងបន្តជំរុញអនុវត្តគម្រោងសាងសង់ពន្ធនាគារថ្មីនៅភ្នំពេញ ខេត្តកែប និងគោលការណ៍សាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន(សាខាទី២ ចំណុះ មណ្ឌលកែប្រែអប់រំទី៤)។ ជំរុញសិក្សា គម្រោងដោះដូរទីតាំងថ្មីពន្ធនាគារខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ ស្វាយរៀង ក្រចេះ និងខេត្តកោះកុងជាដើម។
ទាក់ទងនឹងការសាងសង់នូវអគារថ្មីនៃពន្ធនាគារនេះ ឯកឧត្តមឧត្តមអគារនុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការសម្រេចផ្តល់ក្របខ័ណ្ឌថ្មី ការពិនិត្យពង្រីកបន្ថែម ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងស្វែងរកយន្តការផ្សេងៗទៀតដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធ នាគារ រួមទាំងផ្តល់គោលការណ៍គន្លឹះ ទាំងក្នុងក្របខ័ណ្ឌច្បាប់ និងការងារបច្ចេកទេស ទាំងដំណោះស្រាយ ចំពោះមុខ និងដំណោះស្រាយយូរអង្វែង៕






