លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចុលរួមពី សមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ១៥៣នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំ ដែលបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះទី ២៧-២៨ ខែវិច្ឆិកាដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិតបានថ្លែងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងដល់លោកស្រីអគ្គលេខាធិការ សមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល ដែលបានចូលរួមពិភាក្សាយ៉ាងផុសផុល ដែលធ្វើឲ្យកិច្ចប្រជុំរកចំណុចផ្តោតនៃវិស័យអាទិភាពនីមួយៗ តាមប្រព័ន្ធឌីជីថល ដោយប្រើទម្រង់ Google Form ទទួលបានលទ្ធផលជាទូទៅ។
ជាពិសេសបានពិនិត្យឃើញមានបញ្ហាប្រឈមចម្បងដែលបានជួបប្រទះ ហើយត្រូវរួមគ្នាពិចារណា រកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តផែនការឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” ហើយនៅពេលនេះផងដែរ អង្គប្រជុំបានឆ្លៀតឱកាសដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធផលឆ្នាំ២០២៥ និងបានផ្តល់នូវធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះនៃការកំណត់ចំណុចផ្តោតជាសំខាន់សម្រាប់ឆ្នាំ២០២៦ខាងមុខ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គប្រជុំ ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខាក្នុងការជម្នះរាល់ការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងជាងមុន។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «ក្នុងការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាអាចអនុវត្តសកម្មភាព បានតិច ឬច្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង បានកម្រិតណានោះ គឺអាស្រ័យទៅលើ កត្តាទី១) គឺការទទួលបាននូវការជួយឧបត្ថម្ភគាំទ្រជាមូលនិធិ សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងកត្តាទី២) ការស្ម័គ្រចិត្ត និងឆន្ទៈចូលរួមអនុវត្តការងាររបស់អ្នកប្រតិបត្តិករជួរមុខក្នុងការបំផុសចលនាបុរេសកម្មនៅតាមភូមិ ឃុំ សហគមន៍មូលដ្ឋាន និងនៅតាមគ្រឹះស្ថានសិក្សា។ ភាពសកម្ម និងភាពមមាញឹកនៃប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា និងរបស់សាខាទាំងអស់ ជាកត្តាកំណត់ភាពជោគជ័យ នៃការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។
អាស្រ័យហេតុនេះ ការកសាងបានផែនការមួយគ្រប់ជ្រុងជ្រោយ និងការធ្វើឱ្យផែនការនោះបានក្លាយជាការអនុវត្តពិតប្រាកដ ប្រកបដោយការពិនិត្យ តាមដាន និងវាយតម្លៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពីអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត។
ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖
១៖ សំណូមពរឱ្យក្រុមការងារពិនិត្យពាក់កណ្តាលទីនៃការអនុវត្តយុទ្ធសាស្ត្រ បន្តដំណើរការឈានទៅបញ្ចប់នូវការវិភាគ និងពិគ្រោះបន្ថែមជាមួយសាខាឱ្យបានទូលំទូលាយ រួចហើយបូកសរុបឱ្យបានគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗ ដើម្បីចងក្រងបាននូវលទ្ធផលសរុប និងសេចក្តីសន្និដ្ឋានរួម ដែលជាមូលដ្ឋានគ្រឹះនៃការកសាងផែនការអភិវឌ្ឍឆ្នាំ២០២៦-២០៣០ របស់កាកបាទក្រហមកម្ពុជា។

២៖ សូមបន្តពង្រឹងការធ្វើផែនការអភិវឌ្ឍប្រាំឆ្នាំ២០២៦-២០៣០ ដោយបន្ស៊ីគ្នាយ៉ាងពេញលេញជាមួយនឹងវិស័យអាទិភាពទាំងបួននៃយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងត្រូវធានាឱ្យបានថាផែនការអភិវឌ្ឍនោះមានបញ្ចូលវិធានការនិរន្តរភាព និងភាពធន់រយៈពេលវែង ក្នុងការឆ្លើយតបទៅនឹងតម្រូវការដោះស្រាយភាពងាយរងគ្រោះរបស់សហគមន៍ រួមជាមួយនឹងការរៀបចំឱ្យមានប្រព័ន្ធពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ (PMER) ផ្តោតលើលទ្ធផលយ៉ាងទៀងទាត់។
៣៖ ដើម្បីបន្ស៊ីទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» សាខាគួរគិតគូរពីការកសាងភាពធន់សហគមន៍ នៅគោលដៅ ភូមិ ឃុំ ជ្រើសរើសមួយ ឬពីរ អនុវត្តសកម្មភាពផ្តោតចម្រុះវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរភាព និងបង្ហាញពីភាពមើលឃើញ (visibility) របស់កាកបាទក្រហមកម្ពុជា តាមរយៈវត្តមាន មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងការសង្គ្រោះបឋម, ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ, ការអប់រំថែទាំសុខភាពតាមសហគមន៍, ការផ្សព្វផ្សាយគោលការណ៍គ្រឹះ, ការការពារបដិរូប, យុទ្ធនាការអនាម័យ/បរិស្ថានស្អាត, ចូលរួមទប់ស្កាត់គ្រឿងញៀន នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួន។ សូមលើកទឹកចិត្តដល់ថ្នាក់កណ្តាល និងសាខា បន្តបណ្តុះបណ្តាលជាញឹកញាប់ ដល់អ្នកស្ម័គ្រចិត្ត និងយុវជន នូវអ្វីដែលជាចំណេះដឹងបច្ចុប្បន្ន-ថ្មីៗដល់ពួកគាត់។
៤៖ សូមសាខាទាំងអស់កសាងផែនការ អប្បរមា តាមគំរូស្តង់ដា ដែលថ្នាក់កណ្តាលធ្លាប់បានតម្រង់ទិស និងបង្ហាញគំរូរួចមកហើយ ដើម្បីរួមចំណែកជាមួយថ្នាក់កណ្តាលក្នុងការអនុវត្តបានព្រមៗគ្នានូវទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ។
៥៖ សូមថ្នាក់កណ្តាល សាខា និងអនុសាខា កសាងផែនការអភិវឌ្ឍ២០២៦-២០៣០ ដោយដាក់គោលដៅសម្រេចឱ្យបាននូវសូចនាករសមស្របក្នុងវិស័យអាទិភាពនីមួយៗ និងក្នុងការធ្វើបរិវត្តកម្មឌីជីថល ដែលជាយន្តការជួយធ្វើឱ្យការបំពេញការងារ និងប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា បានកាន់តែឆាប់រហ័ស មានប្រសិទ្ធភាពជាងមុន និងធានាបាននូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានបានកាន់តែរឹងមាំជាងមុន ព្រមទាំងដើរទាន់វឌ្ឍនភាពរបស់រាជរដ្ឋាភិបាល និងសកលលោក។ ក្នុងន័យនេះ សូមថ្នាក់កណ្តាល និងសាខា អនុសាខា បន្តធ្វើការពិគ្រោះ ពិភាក្សាគ្នា ក្នុងការកំណត់គោលដៅជាក់លាក់ សូចនាករច្បាស់លាស់ ដែលមានប្រព័ន្ធការងារតាមបច្ចេកវិទ្យាឌីជីថល រួមជាមួយនឹងការយកចិត្តទុកដាក់ទៅលើការបំពាក់ឧបករណ៍ និងការកសាងសមត្ថភាព មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត។ ចំណែកឯ គណៈអភិបាលវិញ សូមបន្តផ្តល់នូវកម្លាំងចិត្ត គាំទ្រថវិកា លើកទឹកចិត្តដល់ក្រុមប្រតិបត្តិ ដែលទទួលខុសត្រូវ និងមានឆន្ទៈអភិវឌ្ឍសមត្ថភាព។
៦៖ សូមលើកកម្ពស់វប្បធម៌នៃការរៀនសូត្រពីគ្នាទៅវិញ-ទៅមក, ការបង្ហាត់/បង្វឹកការងារជាប្រចាំ និងការផ្លាស់ប្តូរបទពិសោធន៍ពីសាខាមួយទៅសាខាមួយ ឬសាខាច្រើនទៀត ជាពិសេសការពង្រឹងការអនុវត្តឱ្យបានចេញជាលទ្ធផលជាក់លាក់លើគម្រោង ឬការកសាងសមិទ្ធផលរូបវ័ន្តលើកកម្ពស់កិច្ចសហការរបស់សាខាដែលបានចងសម្ព័ន្ធភាពជាមួយគ្នា។
៧៖ សូមអំពាវនាវចំពោះគណៈអភិបាល សាខា អនុសាខា ធ្វើការពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងសាខា អនុសាខា ឱ្យមានប្រសិទ្ធភាព លើកកម្ពស់ការធ្វើសវនកម្ម និងចុះបញ្ជីសារពើភ័ណ្ឌ អចលនទ្រព្យ , បន្តការបណ្តុះបណ្តាល និងគាំទ្របច្ចេកទេសដល់មន្ត្រីថ្មី ដល់អនុសាខាដែលទើបបង្កើតថ្មីដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធ និងសូមលើកកម្ពស់ស្មារតីកសាងផែនការសកម្មភាព ដោយមានកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ។
៨៖ សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រក្សាទំនាក់ទំនងល្អជាមួយសប្បុរសជន និងជាពិសេសជាមួយគ្រួសារងាយរងគ្រោះបំផុត។
ជាមួយនឹងមតិយោបល់ និងអនុសាសន៍ខាងលើនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានជំនឿយ៉ាងមុតមាំថា សមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល នឹងចូលរួមក្នុងការលើកកម្ពស់ស្មារតីអនុវត្តដោយការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុមនុស្សធម៌ ហើយដែលនឹងធ្វើឱ្យលទ្ធផលនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើងជាលំដាប់៕

You might also like