ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យ នៅទីក្រុងហុងកុង ឡើងដល់ ១២៨នាក់យ៉ាងតិច

ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យកម្រិតអាសន្នលំដាប់ទី៥ នៅអគារ Wang Fuk Court ក្នុងសង្កាត់ Tai Po នៃទីក្រុងហុងកុងរបស់ប្រទេសចិន បានឡើងដល់ ១២៨នាក់យ៉ាងតិច ដោយអណ្តាតភ្លើងបានឆាបឆេះឡើងវិញពេញមួយយប់ ហើយសាកសពចំនួន ៥នាក់ ក្នុងនោះសង្ស័យមានកុមារ ២នាក់ផងដែរ បានរកឃើញនៅកន្លែងកើតហេតុ នាព្រឹកថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ។
នៅវេលាម៉ោងប្រហែល ៥ព្រឹក (ម៉ោងក្នុងស្រុក) លំនៅឋានមួយយូនីត នៅអគារ Wang Tau House បានមានអណ្តាតភ្លើងឆាបឆេះម្ដងទៀត ដោយមានអណ្តាតភ្លើងពណ៌ទឹកក្រូចត្រូវបានមើលឃើញបាញ់តាមបង្អួចអមដោយផ្សែងហុយយ៉ាងខ្លាំង។ ភ្លាមៗនោះ អ្នកពន្លត់អគ្គិភ័យ បានលើកជណ្ដើរហូត ដើម្បីបាញ់ទឹកទៅពន្លត់ចំហេះឆេះឡើងវិញនេះ ខណៈដែលកំពុងបង្កើនប្រតិបត្តិការផ្ដល់ភាពត្រជាក់ទៅលើលំនៅឋាននៅជុំវិញផ្សេងទៀត។
ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកពេញមួយយប់ បុគ្គលិកកន្លែងតម្កល់សព បានទាញសាកសពចំនួន ៥នាក់ ចេញពីលំនៅឋានដែលរងគ្រោះ ក្នុងនោះរួមទាំងសព ២រូប ដែលគេជឿថា ជាកុមារផងដែរ។
នាយកដ្ឋានសេវាកម្មអគ្គិភ័យ បានអះអាងពីចំនួនអ្នកស្លាប់ ៩៤នាក់ និងអ្នករងរបួស ៧៦នាក់ ក្នុងនោះមានទាំងអ្នកពន្លត់អគ្គិភ័យ ១១នាក់ផងដែរ។ ក្រុមជួយសង្គ្រោះបន្តតាមរកមើលអណ្ដាតភ្លើងដែលអាចឆាបឆេះឡើងវិញ ខណៈពេលដែលកំពុងធ្វើការ ដើម្បីធានាឲ្យបានទាំងស្រុងនូវសុវត្ថិភាពដល់ទីតាំងនោះ និងធ្វើឲ្យប្រាកដថា គ្មានអ្នករស់នៅណាផ្សេងទៀតជាប់នៅក្នុងនោះឡើយ។
គួរបញ្ជាក់ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះឡើង កាលពីថ្ងៃពុធ (ទី២៦ វិច្ឆិកា) នៅឯអគារលំនៅឋានដែលមានផ្ទះជិត ២.០០០យូនីត។ អ្នកស្រុកខ្លះបានគេចខ្លួនរួច ប៉ុន្តែមនុស្សជាច្រើន នៅតែរង់ចាំយ៉ាងអន្ទះសារនូវដំណឹងពីសមាជិកគ្រួសារដែលបាត់ខ្លួននៅកន្លែងនោះ ចំពេលមានអាកាសធាតុត្រជាក់៕

You might also like