បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនមនុស្ស១៤៣នាក់ ជាមួយថ្នាំជិត២គីឡូក្រាម
(ព្រះសីហនុ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី សរុបចំនួន១៤៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជិត២គីឡូក្រាម ដើម្បីចាត់ការតាមនីតិពីវិធី។
ជនសង្ស័យចំនួន១៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ចំណែកឯ១២៩នាក់ផ្សេងទៀត បានជាប់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅអប់រំកែប្រែនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ដោយឡែកចំពោះជនសង្ស័យម្នាក់ ជនជាតិបារាំង ជាប់ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រៀបចំនីតីវិធីបណ្តេញចេញពីប្រទេសកម្ពុជា។
ប្រតិបត្តិការបង្ក្រាបមុខសញ្ញានេះ ធ្វើឡើងក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ តាមរយ:កម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងមន្ទីរជំនាញកងរាជអាវុធហត្ថ បើកប្រតិបត្តិការចូលឆ្មក់បង្ក្រាបទីតាំងលក់ដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្ថិតនៅចំណុចភូមិថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងតាមសង្កាត់មួយចំនួន ក្នុងក្រុងព្រះសីហនុ៕






