ឯកឧត្តម ឆែម សាវុធ ណែនាំអគ្គនាយកដ្ឋានពន្ធនាគារ បន្ដពង្រឹងវិន័យមន្ដ្រីពន្ធនាគារ និងការគ្រប់គ្រងជនជាប់ឃុំឱ្យស្របតាមជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការណែនាំអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តពង្រឹងវិន័យមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ ឱ្យស្របតាមជំនាញវិជ្ជាជីវៈ បទដ្ឋានគតិយុត្ត បទបញ្ជាផ្ទៃក្នុងពន្ធនាគារ នីតិវិធីពន្ធនាគារ និងច្បាប់ ស្តីពីពន្ធនាគារ។
ការណែនាំរបស់ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង តំណាង ក្រសួងស្ថាប័ននានា អង្គការជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសមិទ្ធផលធំៗដែល អគ្គនាយកដ្ឋានពន្ធនាគារសម្រេចបាន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ក្រោមម្លប់ដំបូលសុខសន្ដិភាព ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលសម្រេចបាននៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសូមសារទរចំពោះសមិទ្ធផលរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
នាឱកាសនោះដែរ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្រេចបាននូវសមិទ្ធផលលេចធ្លោសំខាន់ៗជាច្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រទី៣ នៃផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្នុងគោលដៅការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។
ទន្ទឹមនឹងសមិទ្ធផលសម្រេចបាននេះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារមួយចំនួន ដូចជា៖ ត្រូវបន្តពង្រឹងវិន័យមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ ស្របតាមជំនាញវិជ្ជាជីវៈ បទដ្ឋានគតិយុត្ត បទបញ្ជាផ្ទៃក្នុងពន្ធនាគារ នីតិវិធីពន្ធនាគារ និងច្បាប់ស្តីពីពន្ធនាគារ ពិសេសផ្តោតលើការបែងចែកចំណាត់ថ្នាក់សន្តិសុខបានត្រឹមត្រូវ ហើយត្រូវបន្តរឹតបន្តឹង វិធានការចែកឆេរ ដើម្បីទប់ស្កាត់ការលួចនាំចូលវត្ថុ សម្ភារហាមឃាត់នានាចូលក្នុងពន្ធនាគារ។ ចំពោះជនជាប់ឃុំមុខសញ្ញាពិសេស និងមានចំណាត់ថ្នាក់សន្តិសុខខ្ពស់ ដូចជា មេខ្លោងគ្រឿងញៀន មេខ្លោងឆបោកអនឡាញជាដើម ដែលទាមទារការប្រុងប្រយ័ត្នខ្ពស់បំផុត។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការ បានស្នើឱ្យមានកិច្ចប្រជុំរវាងអគ្គនាយកដ្ឋាន ពន្ធនាគារ ជាមួយតំណាងអគ្គស្នងការនគរបាលជាតិ និងតំណាងស្ថាប័នតុលាការ ដើម្បីស្វែងរកការដោះស្រាយក្នុងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព នៅពេលបញ្ជូនជនជាប់ឃុំ ទៅកាន់សាលាជម្រះក្តីគ្រប់ថ្នាក់៕

You might also like