ក្រសួងបរិស្ថាន៖ មន្រ្តីឧទ្យានុរក្ស តែងតែបំពេញភារកិច្ច គោរពតួនាទី ធ្វើការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តរបស់ខ្លួនជាប្រចាំ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបញ្ជាក់តាមបណ្ដាញសង្គមឱ្យដឹងថា មន្រ្តីឧទ្យានុរក្ស តែងតែបំពេញភារកិច្ច គោរពតួនាទី ធ្វើការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តរបស់ខ្លួនជាប្រចាំ។
ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានធ្វើការដោះអន្ទាក់ សម្រាប់ដាក់យកសត្វព្រៃចំនួន ៤៧ខ្សែ ដែលជនបង្កជាអញ្ញាតជន ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុក នៅស្នាក់ការល្បាតស្ទឹងព្រាត់។
ដោយឡែក នៅឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយ បានធ្វើការដោះកាំមេរ៉ាថតសត្វដោយស្វ័យប្រវត្តិបានចំនួន០២ទីតាំង និងបន្តល្បាត ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ ក្រុមល្បាតពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ៕

You might also like