នាយករដ្ឋមន្ត្រីថៃ សារភាពបរាជ័យក្នុងការឆ្លើយតបគ្រោះទឹកជំនន់ ខណៈអ្នកស្លាប់ឡើងលើស ១៦០នាក់

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃសៅរ៍ (២៩ វិច្ឆិកា) បានចេញមកសារភាពនូវបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការឆ្លើយតបគ្រោះទឹកជំនន់ដ៏កំណាច ដោយគូសបញ្ជាក់ពីផែនការស្តារឡើងវិញ និងផ្តល់សំណងសម្រាប់តំបន់ភាគខាងត្បូងនៃប្រទេស ជាទីដែលទឹកជំនន់ធ្ងន់ធ្ងរបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦២នាក់។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា លំនៅឋានប្រជាជនជាង ១,៤លានគ្រួសារ និងមនុស្ស ៣,៨លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តភាគខាងត្បូងចំនួន១២។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថា ការស្លាប់ ១៦២នាក់ ត្រូវបានបញ្ជាក់ ក្នុងខេត្តចំនួន៨ ជាពិសេសនៅខេត្ត សុងក្លា ដែលកត់ត្រាអ្នកស្លាប់យ៉ាងតិច ១២៦នាក់ ។
ទំហំនៃមហន្តរាយ ព្រមទាំងចំនួនអ្នកស្លាប់និងរបួសខ្ពស់បែបនេះ បានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយលើរដ្ឋាភិបាលថៃ។ លោក Anutin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា លោកទទួលស្គាល់ពីបរាជ័យរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទឹកជំនន់ ហើយនិយាយថា នៅពេលលោកទៅពិនិត្យតំបន់រងផលប៉ះពាល់ លោកក៏បានសូមអភ័យទោសដល់ប្រជាជន ក្នុងការដែល “រដ្ឋាភិបាលថៃ មិនអាចមើលថែ និងការពារពួកគេបានល្អ”។
កំហឹងរបស់អ្នកស្រុកចំពោះអាជ្ញាធរថៃ បានលេចឡើងជាពិសេសនៅទូទាំងក្រុងហាត់យ៉ៃ នៃខេត្តសុងក្លា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា ពេលមហន្តរាយទឹកជំនន់នៅកម្រិតខ្លាំងបំផុត មនុស្សប្រហែល ៧៧.០០០នាក់ បានអំពាវនាវសុំឱ្យអាជ្ញាធរជួយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែមានតែ ១៦.០០០នាក់ ប៉ុណ្ណោះដែលត្រូវបានជម្លៀសចេញពីទីនោះ៕

You might also like