តុលាការសម្រេចរឹបអូស និងឃាត់ទុកដីក្រុមហ៊ុនពិភពដីមាស
(ភ្នំពេញ)៖ ពន្លឺយុត្តិធម៌ត្រូវតែមានសម្រាប់ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ ដែលបានជួបព្យុះភ្លៀងរងទុក្ខជិត៣ឆ្នាំ ពាក់ព័ន្ធករណីឆបោកក្នុងគម្រោងពិភពដីមាស លក់ដីខ្យល់របស់អតីតឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុន។
ទីបំផុត តុលាការបានចេញដីកាសម្រេចរឹបអូស និងឃាត់ទុកដីមួយចំនួនតាមការស្នើសុំរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដែលជាប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ ដើម្បីធានាក្នុងការអនុវត្តសំណងជូនជនរងគ្រោះ នៅពេលក្រោយ។ នេះតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ដីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស ចុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា៖
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ាដង្ហើយ រកយុត្តិធម៌សារជាថ្មី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក ក្នុងគម្រោងពិភពដីមាស លក់ដីខ្យល់របស់អតីតឧកញ៉ា ហ៊ី គីមហុង ដែលជាម្ចាស់ក្រុមហ៊ុន។
អស់រយៈពេលប្រមាណជិត៣ឆ្នាំមកហើយ ពលរដ្ឋរងគ្រោះនៅតែមិនទាន់ទទួលបានដំណោះស្រាយ និងសំណងត្រឡប់មកវិញ ខណៈមានប្រជាពលរដ្ឋរងគ្រោះជាច្រើនរងចាំរហូតដល់បាត់បង់ជីវិតក៏មាន ប្រជាពលរដ្ឋរងគ្រោះទាំងអស់បានយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនរួមមាន ប្លង់ដី ប្លង់ផ្ទះ ទៅដាក់ធានាគារ ដើម្បីយកលុយមកទិញដីពីក្រុមហ៊ុនពិភពដីមាសបានការប្រាក់ និងខ្លះទៀតយកលុយទៅដាក់ឱ្យក្រុមហ៊ុន ដើម្បីយកការក៏មានដែរ តែទីបំផុតបានការតែប៉ុន្មានខែចាញ់បោកអស់ទាំងការ និងដើម ហើយខ្លះរហូតចង ក សម្លាប់ខ្លួន ដោុយសារបន្ទុកបំណុល។
សម្រែករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះជាច្រើនគ្រួសារ ក្នុងគម្រោងឆបោកខាងលើនេះបានស្រែករកយុត្តិធម៌ម្ដងហើយ ម្ដងទៀត ទាមទារឱ្យ ពន្លឿនក្នុងការដោះស្រាយ សងសំណង់ជាប្រាក់មកឱ្យពួកគាត់វិញ ខណៈពេលនេះពួកគាត់លែងមានលទ្ធភាព៕






