មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រយៈពេល១១ខែ បង្ក្រាបបានបទល្មើសធនធានធម្មជាតិ ២១៤ករណី

នៅថ្ងៃទី២ខែធ្នូ ឆ្នំា២០២៥នេះ ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិចំនួន ២១៤ ករណី ដែលចំនួនបទល្មើសនេះមានការថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ ខណៈអាជ្ញាធរអំពាវនាវដល់ពលរដ្ឋរស់នៅក្បែរតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃចូលរួមការពារសម្បត្តិធម្មជាតិទាំងអស់គ្នា។

លោក ហាស វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ថា បទល្មើសនៅតែកើតមានតាមតំបន់ដែនជម្រកការពារធនធានធម្មជាតិទាំង៥ ក្នុងនោះរយៈពេល១១ខែក្នុងឆ្នាំ២០២៥ មន្រ្តីបានបង្រាបបទល្មើសធនធានធម្មជាតិបានចំនួន២១៤ករណី ព្រមទាំងបញ្ជូនសំណុំរឿងទៅកាន់តុលាការទាំងអស់។ ប្រតិបត្តិការបង្ក្រាបនេះ បានដកហូតវត្ថុតាងមួយចំនួនរួមមាន រថយន្ត គោយន្តកន្ត្រៃ៦គ្រឿង គោយន្តកែច្នៃ២គ្រឿង ទូក១ ម៉ូតូ១៥៧គ្រឿង រ៉ឺម៉ក១០គ្រឿង រណារយន្ត១៨២គ្រឿង អាវុធកែច្នៃ៤៤ដើម អាវុធបាញ់គ្រាប់ពិត(AK) ១ដើម អន្ទាក់២១១ខ្សែ អង្គប់សត្វ៩ មងទាក់សត្វ១១ ឧបករណ៍ឆក់៤៩ ម៉ាស៊ីនភ្លើង៩គ្រឿង ឈើអារ ឈើមូលនិងឈើប្រណិត
២ ៧៧៦ដុំ ស្មើ ៣៩០ ម៉ែត្រត្រីគុណ។
លោកបញ្ជាក់ថា «បទល្មើសដែលបានកើតមានឡើងនៅដែនការពាបរិស្ថានក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំមុនៗ មានការថយចុះច្រើនជាបន្តបន្ទាប់ បើទោះបីមានការកាប់ឆ្កាទន្រ្ទានដីព្រៃនៅតាមតំបន់មួយចំនួនយ៉ាងណាក្តី»។ ដើម្បីស្តារព្រៃឈើឡើងវិញ មន្ទីរបរិស្ថានបានដាំកូនឈើចំនួន ៥៧ ៥០០ នៅលើផ្ទៃដី២៧ហិកតា។
ទន្ទឹមនេះ ប្រធានមន្ទីរបរិស្ថានខេត្ត អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្បែរដែនជម្រកការពារធនធានធម្មជាតិចូលរួមការពារព្រៃឈើ ឬរាយការណ៍ទៅសមត្ថកិច្ចនៅពេលប្រទះបទល្មើសព្រៃឈើដើម្បីអន្តរាគមន៍ទាន់ពេល។
សូមគូសបញ្ជាក់ នៅខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ និង ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុប ៧៧៣.៧២៧ហិកតា៕

You might also like