សហរដ្ឋអាមេរិក បានផ្អាករាល់ពាក្យស្នើសុំអន្តោប្រវេសន៍មកពី ១៩ប្រទេស ដែលមិនមែនអឺរ៉ុប

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារ (២ ធ្នូ) បាននិយាយថា ខ្លួនបានផ្អាកកម្មវិធីអន្តោប្រវេសន៍ទាំងអស់ រួមទាំងបណ្ណបៃតង (Green Card) និងដំណើរការសុំចូលសញ្ជាតិអាមេរិក ដែលស្នើដោយជនអន្តោប្រវេសន៍មកពី ១៩ប្រទេសមិនមែនអឺរ៉ុប ដោយលើកឡើងពីក្ដីរម្ភសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។
ការផ្អាកនេះអនុវត្តចំពោះប្រជាជនមកពី ១៩ប្រទេស ដែលត្រូវបានដាក់ក្នុងបញ្ជីហាមឃាត់ធ្វើដំណើរដោយផ្នែករួចទៅហើយ កាលពីខែមិថុនា ដោយដាក់ការរឹតបន្តឹងបន្ថែមទៀតលើការធ្វើអន្តោប្រវេសន៍។ប្រទេសទាំង ១៩នោះមានដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ យេម៉ែន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡា។
អនុស្សរណៈផ្លូវការដែលគូសបញ្ជាក់ពីគោលនយោបាយថ្មីនេះ បានលើកឡើងពីការវាយប្រហារលើសមាជិកឆ្មាំជាតិអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដែលក្នុងនោះ បុរសអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានចាប់ខ្លួនជាជនសង្ស័យ។ សមាជិកម្នាក់នៃឆ្មាំជាតិបានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
គោលការណ៍ថ្មីនេះ បានផ្អាកលើរាល់ពាក្យស្នើសុំដែលមិនទាន់សម្រេច និងបានកំណត់ថា ជនអន្តោប្រវេសន៍ទាំងអស់ដែលមកពីបញ្ជីប្រទេសទាំងនោះ «ត្រូវឆ្លងកាត់ដំណើរការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ រួមទាំងការសម្ភាសន៍ដែលអាចកើតមាន ហើយប្រសិនបើចាំបាច់ ត្រូវសម្ភាសឡើងវិញម្ដងទៀត ដើម្បីវាយតម្លៃឱ្យពេញលេញនូវការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈទាំងអស់»៕

You might also like