គ.វ.ជ ទទួលស្គាល់បេក្ខភាពអនុវិទ្យាល័យចំនួន៤៩ សាលាបឋមសិក្សាចំនួន៥០ និងមណ្ឌលសុខភាពចំនួន៥០ មកពី២៥ រាជធានីខេត្ត ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥
រសៀលនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល បានទទួលស្គាល់អង្គភាពទាំង២ វិស័យ ចំនួន១៤៩ អង្គភាព មកពី២៥ រាជធានី ខេត្តទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។ អង្គភាព១៤៩ ក្នុងចំណោមអង្គភាពសរុបចំនួន៤៤៩០ បានឆ្លងកាត់ការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់ នៅកម្រិតក្រុង ស្រុក ខណ្ឌ និងកម្រិតរាជធានី ខេត្ត រួចមកហើយ ហើយចុងក្រោយនេះ រាជធានី ខេត្តនីមួយៗ បានបញ្ជូនអង្គភាពចំនួន២ ក្នុងមួយប្រភេទ (អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដើម្បីមកចូលរួមប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំ២០២៥។ ខណៈពេលនៃការធ្វើរបាយការណ៍ជូនអង្គប្រជុំ ឯកឧត្តម សៀត វិចិត្រ សមាជិកនៃគ.វ.ជ. បានទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់អាជ្ញាធរមូលដ្ឋាននីមួយៗថា “បើគ្មានក្រុង ស្រុក ខណ្ឌ ជួយជ្រោមជ្រែងនោះទេ អង្គភាពទាំងអស់ ពិតជាមិនអាចមានឱកាសបានចូលរួមប្រកួតប្រជែងបាននោះឡើយ។”
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានសម្តែងមោទនភាពចំពោះលទ្ធផលដែលសម្រេចបានកន្លងមក ជាពិសេសការសង្កេតឃើញថា អង្គភាពដែលបានចូលរួមប្រកួតប្រជែងពិតជាមានការវិវឌ្ឍពិតប្រាកដ និងការប្រែប្រួលជាវិជ្ជមាន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ “យើងបានសង្កេតឃើញថា ការវាយតម្លៃនេះ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋានដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស។ ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ផងដែរ ដែលនេះ បង្ហាញពីការបំពេញការងារ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។
គួរជម្រាបថា អង្គភាពទាំង១៤៩ នឹងត្រូវធ្វើបទបង្ហាញសម្រាប់ការវាយតម្លៃជ្រើសសម្រាំងដំណាក់កាលបឋមនៅថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។ ក្រោយការវាយតម្លៃបឋមនេះ គណៈកម្មការ នឹងចុះពិនិត្យដោយផ្ទាល់តាមអង្គភាពនីមួយៗ ដើម្បីជ្រើសសម្រាំងបេក្ខភាពដែលមានចំណាត់ល្អជាងគេ ឈានទៅការប្រកួតដំណាក់កាលចុងក្រោយ ដែលជាការវាយតម្លៃដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. និងគណៈកម្មការគ.វ.ជ.នៅថ្នាក់ជាតិ៕






