សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួប១ឆ្នាំក្រមាខ្មែរ ត្រូវបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៅយូណេស្កូ

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
តាមរយៈសារ សម្ដេចប្រមុខរដ្ឋស្ដីទី និងសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាខួបគម្រប់១ឆ្នាំ (០៤ ធ្នូ ២០២៤-០៤ ធ្នូ ២០២៥) ដែល «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage of Humanity)។
សម្ដេចទាំងទ្វេមានប្រសាសន៍បន្តថា ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាកថា ក្រមាខ្មែរ មិនត្រឹមតែជាកន្សែងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ដ៏រឹងមាំរបស់កម្ពុជា។ វាមានវត្តមានស្ទើរគ្រប់កាលៈទេសៈទាំងការងារប្រចាំថ្ងៃនៅតាមជនបទ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។
ប្រជាជនកម្ពុជាគ្រប់រូប មានកាតព្វកិច្ចរួម ក្នុងការបន្តថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃនៃសិល្បៈតម្បាញ និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ៕

 

You might also like