ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ បើកឱកាសឱ្យអ្នកលក់ និងអ្នកទិញជួបគ្នាដោយផ្ទាល់
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាលើកទី១៥ហើយ ដែលសមាគមអ្នកសាងសង់កម្ពុជាបានរៀបចំ «ពិព័រណ៍ឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ» ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ បង្ហាញពីឧបករណ៍ និងសម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និងអ្នកទិញ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់។
សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគមលើកទី១៥ និងពិធីសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥នេះ បានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ឯកឧត្តម ឃ្លាំង ហូត អភិបាលរងរាជធានីភ្នំពេញ វិស័យឯកជន និងដៃគូពាក់ព័ន្ធជាច្រើនផ្សេងទៀត។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងនៅក្នុងឱកាសបើកពិព័រណ៍នេះថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់នេះមានសារៈសំខាន់ណាស់សម្រាប់ជាការឆ្លើយតបទៅនឹងការរីកចម្រើន ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា ជាមួយនឹងការអភិវឌ្ឍនេះ តម្រូវការសម្ភារៈ បរិក្ខារ គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រឹមត្រូវតាមស្តង់ដារសំណង់ពិតជាចាំបាច់ ប៉ុន្តែដោយកម្ពុជាបច្ចុប្បន្ន នៅពុំទាន់មានរោងចក្រគ្រឿងសំណង់សម្បូរបែបសម្រាប់ផ្គត់ផ្គង់ឱ្យបានគ្រន់គ្រាន់នៅឡើយ ទើបសមាគមអ្នកសាងសង់កម្ពុជារៀបចំការព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនសំណង់ទាំងអស់បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។
នៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានសម្តែងការកោតសសើរដល់សមាគមអ្នកសាងសង់កម្ពុជាដែលបានអនុវត្តបេសកម្មការងាររបស់ខ្លួន និងធ្វើជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យសំណង់កាន់តែរីកចម្រើនជាលំដាប់នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដោយសារសន្តិភាព និងមានភាពជឿជាក់លើការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យមានស្ថេរភាពនិយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺរំពឹងទៀតថា វិនិយោគិនទាំងអស់ នឹងបន្តការវិនិយោគ និងការអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យ ដូចជា អគារពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ ខុនដូ និងរោងចក្រ -ល- បន្ថែមទៀតបានយ៉ាងច្រើនជាពុំខាន។
សូមជម្រាបថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៥ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានការចូលរួមពីក្រុមហ៊ុនចំនួន៩៦ ស្មើនឹង ២៣៣ស្តង់ ដោយមានសម្ភារ បរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ប្រមាណ ៥០០ប្រភេទ រួមទាំង ៣២ប្រភេទនៃសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ មកដាក់តាំងបង្ហាញ ដោយសម្ភារ និងបរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ទាំងនេះ ជាផលិតផលដែលបានផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជា ចិន តៃវ៉ាន់ វៀតណាម កូរ៉េ ជប៉ុន ម៉ាឡេស៊ី បារំាង សិង្ហបុរី រុស្ស៉ី អាល្លឺម៉ង់ ស៊ុយអ៊ែត និងអារ៉ាប់រួម៕






