ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រជុំដាក់ផែនការទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើង និងករណីលួច ឆក់ ប្លន់ គាស់ផ្ទះ
(ភ្នំពេញ)៖ ដោយមានការណែនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍បទល្មើស និងបង្ក្រាបបទល្មើសប្រចាំខែវិច្ឆិកា និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើឡើងដើម្បីកិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ការងារស្រាវជ្រាវ បង្ក្រាបករណីសេសសល់ ករណី លួច ឆក់ ប្លន់ គាស់ផ្ទះ និងក្មេងទំនើង។
កិច្ចប្រជុំនេះ មានការចូលរួម ពីលោកស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល លោកអធិការរង នគរបាលខណ្ឌទាំង១៤ ទទួលការងារយុត្តិធម៌ លោកនាយផ្នែក និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕






