សម្តេចធិបតី ៖ រយៈពេល១០ខែ ឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត៦លាននាក់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាច្រើនជាតិសាសន៍ បានធ្វើដំណើរតាមផ្លូវអាកាស ចូលមកព្រះរាជាណាចក្រកម្ពុជាជិត៦លាននាក់ ដោយកើនឡើង១៤ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ កន្លងទៅនោះ។
យោងតាមសារលិខិតក្នុងឱកាស«ទិវាជាតិអាកាសចរណ៍ស៊ីវិល»លើកទី១ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ«អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋ កិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព នៅព្រះរាជាណាចក្រកម្ពុជា» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥នេះកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរ ជាមួយ១៦ប្រទេស និង៣៩ទីក្រុង ។ ដោយក្នុងនោះបានតភ្ជាប់ទៅកាន់ក្រុង និងប្រទេស៨ ក្នុងតំបន់អាស៊ាន។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានឲ្យដឹងថាប្រទេស និងក្រុងទាំង៨នោះរួមមាន៖ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ។ ក្នុងនោះបានទទួលអ្នកធ្វើដំណើរ តាមផ្លូវអាកាសជាង៥លាន៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានចំនួន ត្រឹមតែ៥លាននាក់ប៉ុណ្ណោះ។
តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប៣,៦០០លានដុល្លារអាមេរិក ដោយក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4Eក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣,អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់ វិនិយោគ ២០០ លានដុល្លារ ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ខែតុលា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសអបអរសាទរទិវានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថាដើម្បីលើកម្ពស់នូវវិស័យអាកាសចរណ៍ស៊ីវិលឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះសម្តេចក៏បានដាក់ចេញនូវវិធានការ និងណែនាំដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋ និងឯកជនគប្បីរៀបចំពិធីតាំងពិព័រណអាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលអាកាសចរណ៍នានា ដែលសម្រេចក្នុងឆ្នាំនីមួយៗ និងរៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្សនិស្សិតនៅតាមគ្រឹះស្ថានអប់រំ ដើម្បី ទស្សនាលើប្រតិបត្តិការជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុនគ្រប់គ្រងចរាចរណ៍តាមអាកាស។ រៀបចំកម្មវិធីឃោសនាអប់រំស្តីពីការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាព អាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រួមទាំង រៀបចំយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្តែង និងទិន្នន័យនៃការ រីកចម្រើននៃវិស័យអកាសចរណ៍ស៊ីវិលក្នុងប្រទេសក្នុងតំបន់ និងអន្តរជាតិជាដើម៕






