កម្ពុជា បន្តរក្សាភាពអត់ធ្មត់ ខណៈថៃប្រើយន្តហោះ F-16 និងបាញ់ឧស្ម័នពុល បំផ្លាញកិច្ចព្រមព្រៀងសន្តិភាព

(ភ្នំពេញ)៖ ប្រទេសថៃ បានចាប់ផ្តើមបើកការវាយប្រហារតាមព្រំដែន ដោយរំលោភកិច្ចព្រមព្រៀងសន្តិភាព ក្រុងគួឡាឡាំពួរ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅអំពីមហិច្ឆតារបស់ថៃ ដែលចង់បានទឹកដីវប្បធម៌របស់កម្ពុជាតាមព្រំដែន ៖
ចាប់តាំងពីព្រលឹមស្រាងៗ ម៉ោង០៥៖០៤នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥, តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ងប់ស្ងាត់មួយរយៈដោយសម្លេងគ្រាប់កាំភ្លើង ស្រាប់តែបានឮសាជាថ្មី។ ស្នូរគ្រហឹម នៃសំឡេងយន្តហោះចម្បាំង F-16 របស់ថៃ, ស្នូរគ្រាប់បាញ់ដោយកាំភ្លើងត្បាល់, កាំភ្លើងផ្លោង, កាំភ្លើងដៃ, រថក្រោះ, រថពាសដែក និងសូម្បីតែគ្រាប់ផ្លោងឧស្ម័នពុលរបស់ថៃ ដែលស្រេកឃ្លានចង់ដណ្តើមយកទឹកដីខ្មែរ បានធ្លាក់ជាបន្តបន្ទាប់មកលើទឹកដី និងលើភូមិជនស៊ីវិលរបស់កម្ពុជា បង្កការស្លាប់ និងរងរបួស។
ព្រះសង្ឃ, សិស្សសាលា គ្រូបង្រៀន ប្រជាពលរដ្ឋជាច្រើន បាននាំគ្នារត់ប្រសាចដោយសេចក្តីភិតភ័យ ក្នុងការស្វែងរកទីជម្រកលាក់ខ្លួន។ ស្នូរផ្ទុះអាវុធពីភាគីថៃជាមុនដាក់មកលើទឹកដីកម្ពុជា នេះមិនមែនជារឿងចៃដន្យ ឬជាឧប្បត្តិហេតុដាច់ដោយឡែកទេ វាជាការបង្កហេតុការណ៍ឱ្យកាន់តែតានតឹង ពីព្រោះទង្វើឈ្លានពានដោយអាវុធនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែធ្នូ គឺវេលារសៀលម៉ោង២៖១៥នាទី និងនៅវេលាយប់ម៉ោង៨៖៣៦នាទី ដោយភាគីថៃបាន ចាប់ផ្តើមបាញ់ដាក់មកលើភាគីកម្ពុជា នៅតំបន់ព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាបន្តបន្ទាប់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំការរក្សាភាពអត់ធ្មត់ ខណៈថៃមានបំណងចង់បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពគួឡាឡាំពួរ ប៉ុន្តែបានព្រមានមិនត្រូវឆ្លងកាត់គំនូសក្រហមរបស់កម្ពុជាឡើយ។
ប្រសាសន៍ដាស់តឿនដ៏មានវិន័យនេះ មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាឥរិយាបថយុទ្ធសាស្ត្ររបស់កម្ពុជា ដែលព្យាយាមចៀសវាងការធ្លាក់ចូលទៅក្នុងការញុះញង់របស់ប្រទេសថៃ ដែលមានគោលបំណងបញ្ឆេះជម្លោះសាឡើងវិញ ដើម្បីបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ក្រោមការធ្វើជាសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអតីតប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ទោះជាយ៉ាងណាក៏ដោយ ភាពដាស់តឿនឱ្យទាហានប្រកាន់យកការរក្សាភាពអត់ធ្មត់ ត្រូវបានកំណត់យ៉ាងច្បាស់លាស់នូវ «ខ្សែបន្ទាត់ក្រហម» ដែលមិនអនុញ្ញាតឱ្យថៃឆ្លងកាត់បានឡើយ។
* សារព័ត៌មានអន្តរជាតិបញ្ជាក់ថា ថៃវាយប្រហារដាក់កម្ពុជាមុន
នៅពេលដែលប្រទេសថៃ បានបង្កើនការវាយប្រហាររបស់ខ្លួន រាប់ពីការបាញ់កាំភ្លើងដៃរហូតដល់រថក្រោះ កាំភ្លើងធំ ការវាយប្រហារដោយយន្តហោះ F-16 និងការប្រើប្រាស់ឧស្ម័នពុល ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ បានចាប់ផ្តើមរាយការណ៍ថា ប្រទេសថៃគឺជាភាគីដែលបានផ្តួចផ្តើមការបាញ់ឈ្លានពានដាក់មកលើកម្ពុជាជាមុន ដែលផ្ទុយពីការអះអាងរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការបង្វែរការស្តីបន្ទោសដាក់មកលើប្រទេសកម្ពុជា។
ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក បានចុះផ្សាយចំណងជើងដ៏លេចធ្លោមួយនៅព្រឹកថ្ងៃទី៨ ខែធ្នូ សរសេរថា «ប្រទេសថៃបានបើកការវាយប្រហារតាមអាកាសដាក់មកលើប្រទេសកម្ពុជា ខណៈដែលភាពតានតឹងតាមព្រំដែនផ្ទុះឡើង ដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក»។
សារព័ត៌មាន Reuters, AP, Al Jazeera និងThe Guardian ក៏សរសេរដូចគ្នា ដែលបានបញ្ជាក់ថា ការវាយប្រហារដ៏ខ្លាំងក្លា បានចាប់ផ្តើមពីភាគីថៃជាមុន បន្ទាប់ពីមានភស្តុតាង និងការផ្តល់កាលបរិច្ឆេទថ្មីៗដ៏ច្បាស់លាស់ពីក្រសួងការពារជាតិរបស់កម្ពុជា។ ទោះបីជាក្រសួងការពារជាតិថៃ និងកងទ័ពថៃ ព្យាយាមចង់បំភ័ន្តមតិសាធារណៈ ដោយចោទប្រកាន់ថា កម្ពុជាជាភាគី «ប្រើអាវុធជាមុន» ក៏ដោយ ប៉ុន្តែគ្មានភស្តុតាងណាមួយរបស់ថៃ អាចធ្វើឲ្យប្រទេសនានាជឿជាក់បានឡើយ។
* ការវិភាគអន្តរជាតិ៖ ថៃកំពុង «កំណត់សមរភូមិឡើងវិញ» ដើម្បីបំពេញមហិច្ឆតានយោបាយ
ការវិភាគរបស់ CNN និងកាសែតរបស់ទេសដទៃ បានកត់សម្គាល់ថា ប្រទេសថៃហាក់ដូចជាកំពុងព្យាយាម “កំណត់សមរភូមិឡើងវិញ” ដើម្បីស្វែងរកគោលបំណងនយោបាយ និងយុទ្ធសាស្ត្រ ដែលលាតសន្ធឹងហួសពីការប៉ះទង្គិចគ្នានៅតាមព្រំដែន។ ក្នុងភាពដ៏លោភលន់របស់ថៃនេះ គឺជាបំណងប្រាថ្នានៃ អារម្មណ៍ជាតិនិយម ដែលស្ថិតក្នុងចំណោមក្រុមនយោបាយថៃមួយចំនួន ដើម្បីចង់ដណ្តើមយកទីតាំងប្រាសាទបុរាណខ្មែរ និងតំបន់វប្បធម៌សំខាន់ៗរបស់ខ្មែរនៅតាមបណ្តោយព្រំដែន ទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតពីផែនទីស្របច្បាប់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ, ពីសហគមន៍ និងច្បាប់អន្តរជាតិ ដែលចាត់ទុកថាទឹកដីទាំងនោះជារបស់កម្ពុជាក៏ដោយ។
* បំណងពិតរបស់ថៃ គឺចង់ដណ្តើមទឹកដី និងប្រាសាទបុរាណខ្មែរ
របាយការណ៍ បានបង្ហាញថា នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ក្នុងអំឡុងពេលធ្វើសន្និសីទសន្តិសុខជាមួយមន្ត្រីយោធាថៃ បានចេញសេចក្តីណែនាំដោយបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ត្រូវប្រយុទ្ធរហូតដល់ទីបញ្ចប់ ហើយដណ្តើមយកដី ដែលថៃចាត់ទុកថាជារបស់ខ្លួនមកវិញ។

ដើម្បីបំពេញមហិច្ឆតានេះ ទីតាំងចំនួន១១ តាមបណ្តោយព្រំដែន ត្រូវបានគេរាយការណ៍ថាត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្ត្រ រួមមានប្រាសាទបុរាណខ្មែរមួយចំនួនដូចជា៖ ប្រាសាទខ្នារ, ប្រាសាទតាក្របី និង ប្រាសាទព្រះវិហារ ជាដើម ដែលទីតាំងទាំងនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាទឹកដីរបស់កម្ពុជា ស្ថិតនៅក្រោមផែនទីបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងសាលក្រមឆ្នាំ១៩៦២ និង២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃ កំពុងបង្ហាញថា ថៃមិនដែលទទួលយកសេចក្តីសម្រេចទាំងនេះទាំងស្រុងនោះទេ ដោយង្កើតនូវរឿងនិទានមិនពិតបញ្ជ្រាបចូលអារម្មណ៍ជាតិនិយមថៃ ឱ្យគេគិតថា ទីតាំងសម្បត្តិវប្បធម៌បុរាណខ្មែរទាំងនោះ គឺជារបស់ថៃ។
ទាំងនេះហើយ គឺជាផ្នត់គំនិតរបស់ក្រុមថៃជាតិនិយមជ្រុល ដែលបាននិងកំពុងបង្កសង្គ្រាមនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថៃហ៊ានទាំងបំពានសូម្បីតែការឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ក្រុង គួឡាឡាំពួរ ទោះមានសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអតីតប្រធានអាស៊ាន គឺ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ក៏ដោយ។
សេចក្តីសន្និដ្ឋាន៖
នៅចំពោះមុខអំពើឈ្លានពានផ្នែកយោធារបស់ថៃដោយកម្រោលនេះ កម្ពុជាបានបង្ហាញពិភពលោក នូវកម្រិតមិនធម្មតានៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចព្រមព្រៀងសន្តិភាព។ យ៉ាងណាក៏ដោយ ការអត់ធ្មត់បែបនេះមិនមែន គ្មានដែនកំណត់នោះទេ។ ការអត់ធ្មត់របស់កម្ពុជាត្រូវបានកំណត់ព្រំដែនយ៉ាងច្បាស់លាស់ គឺព្រំដែនដែលប្រទេសថៃមិនត្រូវឆ្លងកាត់ក្នុងការប៉ុនប៉ងធ្វើឱ្យខូចសន្តិភាព ឬរំលោភលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជាឡើយ។
កម្ពុជានៅតែបន្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមសន្តិភាពក្រុងគូឡាឡាំពួរ ហើយការគោរពនេះ មិនមែនដោយសារការភ័យខ្លាចនោះទេ ប៉ុន្តែដោយសារគោលការណ៍ និងការប្តេជ្ញាចិត្តជាតិយ៉ាងជ្រាលជ្រៅក្នុងការរក្សាសន្តិភាពក្រោមច្បាប់អន្តរជាតិ។ ប៉ុន្តែការពិតមួយ ត្រូវតែបញ្ជាក់ឱ្យច្បាស់ទៅវិញ៖ កម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយរួមទាំងប្រទេសថៃ រឹបអូសយកទឹកដី ឬបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ខ្លួនក្រោមរូបភាពនៃការឈ្លានពាន ឬការបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រឡើយ។
ប្រាសាទបុរាណខ្មែរទាំងអស់ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ និងដីទាំងអស់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ និងត្រូវបានបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ១៩៦២ និង២០១៣ គឺជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់កម្ពុជា។ ទីតាំងដ៏ពិសិដ្ឋ និងដីប្រវត្តិសាស្ត្រទាំងនេះ នឹងត្រូវបានការពារយ៉ាងដាច់ខាត មិនមែនដោយសារអរិភាពទេ ប៉ុន្តែដោយសារកាតព្វកិច្ចចំពោះប្រទេសជាតិ បេតិកភណ្ឌរបស់ខ្លួន និងជាភាពត្រឹមត្រូវរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។
ប្រទេសថៃអាចជ្រើសរើសអាវុធ ប៉ុន្តែប្រទេសកម្ពុជាជ្រើសរើសច្បាប់។ ប្រទេសថៃអាចជ្រើសរើសការគំរាមកំហែង ប៉ុន្តែប្រទេសកម្ពុជាឈរលើភាពស្របច្បាប់។ ប្រទេសថៃអាចរំលោភលើកិច្ចព្រមព្រៀង ប៉ុន្តែប្រទេសកម្ពុជាឈរយ៉ាងរឹងមាំលើទឹកដី ប្រវត្តិសាស្ត្រ និងសច្ចភាព។ សន្តិភាពអាចត្រូវបានរក្សា ប៉ុន្តែវានឹងមិនត្រូវបានកេងប្រវ័ញ្ចធ្វើជាអាជ្ញាប័ណ្ណសម្រាប់នរណាម្នាក់ឱ្យមករំលោភលើទឹកដីកម្ពុជាបានឡើយ។ ការអត់ធ្មត់របស់ប្រទេសកម្ពុជា មានដែនកំណត់ ហើយដែនកំណត់នោះគឺអធិបតេយ្យភាពនៃទឹកដីកម្ពុជា៕

You might also like