តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ លោក សេរី កុសល នាំយកស្បៀងសង្គ្រោះបឋម ចុះចែកជូនជនភៀសសឹកជិត ២០០គ្រួសារ នៅវត្តត្រពាំងថ្មកណ្តាល ស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ នាំយកស្បៀងសង្គ្រោះបឋម បានចុះសាកសួរសុខទុក្ខ និងចែកជូនដល់ជនភៀសសឹកជិត ២០០គ្រួសារ នៅក្នុងវត្តត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានជម្លៀសខ្លួនចេញពីតំបន់ព្រំដែន រងការបាញ់ប្រហារ ដែលជាទង្វើដ៏ព្រៃផ្សៃ គួរឱ្យស្អប់ខ្ពើមពីសំណាក់ទាហានថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
នាឱកាសនោះក្រៅពីនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកហើយនោះ លោក សេរី កុសល ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ ពីការអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពនូវបទឈប់បាញ់ សំដៅធ្វើយ៉ាងណាមិនចង់ឱ្យមានសង្គ្រាមកើតឡើង ដែលបង្កផលលំបាលដល់ប្រជាពលរដ្ឋនោះទេ ហើយជាការអត់ធ្មត់ជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកម្ពុជា ប៉ុន្តែភាពអត់ធ្មត់នេះ បែរជាទទួលបានបានប្រមាថពីថ្នាក់ដឹកនាំថៃ ដោយធ្វើការប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា និងបានបាញ់ប្រហារមកលើដែនអធិតេយ្យភាពរបស់កម្ពុជា។ លោកបានហៅនាយករដ្ឋមន្ត្រីថៃថា ជានាយករដ្ឋមន្ត្រីមុខលុយ។
លោក សេរី កុសល បានបន្ថែមថា ក្រុមទាហានថៃ មិនត្រឹមតែបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជានោះទេ ថែមទាំងបាញ់ប្រហារមកលើទីតាំងប្រជាជនស៊ីវិល ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លួតត្រង់ បានស្លាប់ និងរបួសជាបន្តបន្ទាប់ ដែលទង្វើដ៏ព្រៃផ្សៃ គួរឱ្យស្អប់ខ្ពើមនេះ មិនគួរលើកលែងឱ្យបាននោះទេ។
បើតាមលោក សេរី កុសល គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាជនភៀសសឹក បានមករកទីកន្លែងសុវត្ថិភាពជាបន្តបន្ទាប់ប្រមាណជាង ១ពាន់គ្រួសារហើយ ដោយលោកក៏បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ រួមគ្នាជួយដល់ជនភៀសសឹក នៅស្រុកភ្នំស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ តាមលទ្ធភាពដែលអាចធ្វើបានរៀងៗខ្លួន។
សូមបញ្ជាក់ដែរថា ជនភៀសសឹកជិត ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ទឹកមួយយួរ មី ១កេស និងអង្ករ ១៥គីឡូក្រាម។
នៅថ្ងៃដដែលនេះ តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានបន្តឆ្លៀតចុះជួបជាមួយបងប្អូនជនភៀសខ្លួន នៅបណ្តាឃុំទាំង៦ នៃស្រុកភ្នំស្រុកផងដែរ។
សូមជម្រាបផងដែរថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ លោក សេរី កុសល បានចុះដល់តំបន់ព្រំដែន ដើម្បីតាមដានស្ថានភាពព្រំដែន និងជួយឧបត្ថម្ភគាំទ្រផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកក៏បានចុះជួបក្រុមគ្រួសារ និងទទួលសពរបស់យុទ្ធពលីម្នាក់ នៅក្នុងឃុំស្រះជីក ស្រុកភ្នំស្រុកផងដែរ៕

You might also like