កម្ពុជាវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល និងក្រុមអ្នកសង្កេតការអាស៊ាន ក្នុងការបញ្ជាក់ពីភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ
(AKP) នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំការធ្វើបទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធនៅតាមបណ្តោយព្រមដែនកម្ពុជា-ថៃ ជូនដល់អង្គទូតបរទេស និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រធាននៃស្ថានតំណាងកម្ពុជានៅបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)ក៏បានចូលរួមស្តាប់បទបង្ហាញនេះ តាមប្រព័ន្ធវីដេអូ ផងដែរ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីការវិវត្តនៃស្ថានការណ៍នៅមុនឈានដល់ពេលដែលកងទ័ពថៃបើកការវាយលុកមកលើទីតាំងជាច្រើនក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល និងក្រុមអ្នកសង្កេតការអាស៊ាន ក្នុងការបញ្ជាក់ពីភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
លោកជំទាវក៏បានថ្លែងអំណរគុណផងដែរដល់បណ្តាប្រទេសជាមិត្ត ដែលបានសម្តែងនូវការគាំទ្រដល់ការដោះស្រាយវិវាទដោយសន្តិវិធី និងអំពាវនាវឱ្យមានការគោរពពេញលេញចំពោះបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។






