រវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ! ម្តាយបង្កើតថែរក្សាបីបមថ្មមថ្នាក់កូនស្ងួនមិនឱ្យនរណាមកប៉ះពាល់ឡើយ ហើយក៏មិនហ៊ានធ្វើបាបកូនឡើយ តែម្តាយក្លែងក្លាយគេមិនខ្លាចនឹងធ្វើបាបកូនដែលគេដណ្តើមយកនោះឡើយព្រោះមកពីកូននោះមិនមែនកូនគេពិតប្រាកដ គេមិនខ្លាចឈឺធ្វើឱ្យកូននោះឈឺឡើយ។ ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕






