BREAKING: អាមេរិកព្រួយបារម្ភពីការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ»

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការប្រយុទ្ធគ្នា និងការរងគ្រោះថ្នាក់នៅទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍សារព័ត៌មានផ្លូវការ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «យើងជំរុញយ៉ាងខ្លាំងក្លាឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងវិញ»។

សហរដ្ឋអាមេរិកបានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមខ្លឹមសារនៃ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ» ចុះថ្ងៃទី២៦ ខែតុលា ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម៕

You might also like