ស្មារតីរួមគ្នាជាធ្លុងមួយជាមួយរដ្ឋាភិបាល! អ្នកឧកញ៉ា សុខ សុភាព ដឹកនាំក្រុមការងាររៀបចំអំបុក ១៥តោន ដើម្បីនាំទៅប្រគល់ជូនវីរកងទ័ពជួរមុខ កំពុងតទល់ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ
(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងាររៀបចំអំបុកចំនួន ១៥តោន ប្រគល់ជូនក្រុមការងារគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តនាំទៅចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងច្បាំងតទល់ការពារទឹកដី ពីការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។
សកម្មភាពនេះកើតឡើងស្របពេលយោធាឈ្លានពានថៃ បានបើកការវាយប្រហារលើកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សុខ សុភាព ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនដែលទំនេរពីការងារសូមចូលរួមកម្មវិធីដាល់អំបុកនេះឱ្យបានកាន់តែច្រើន។
អំបុកចំនួន ១៥តោន របស់អ្នកឧកញ៉ា សុខ សុភាព គឹបន្ថែមពីអំណោយប្រគល់ ក្រុមការយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីក្រុមទាហានថៃ បានបាញ់ផ្លោងចូលឈ្លានពានបូរណភាពទឹកដីកម្ពុជា។ អំណោយរបស់ក្រុមហ៊ុន Champion Group រួមមានអង្ករ ចំនួន ១៥តោន, ភេសជ្ជៈហ្គីត ចំនួន ១,៥០០កេស៕






