សម្តេចប្រធានរដ្ឋសភា ថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា ដែលបានចូលរួមឧបត្ថម្ភថវិកា សម្ភារៈនិងម៉ាស ជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតជូន ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បាននាំយកអំណោយជាថវិកា សម្ភារៈនិងម៉ាសការពារសារធាតុពុល ជូនសម្តេច សម្រាប់ធ្វើការបែងចែកជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃគណៈកម្មការទី៨ ទំាងអស់ ជាពិសេស ឯកឧត្តម សេង ញ៉ក់ និងលោកជំទាវ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន និងបានកៀរគរពីសប្បុរសជននានាយកមកចូលរួមជាមួយរដ្ឋសភា សម្រាប់ឧបត្ថម្ភគំាទ្រជូនដល់ វីរកងទ័ពដែលបានកំពុងឈរការពារទឹកដីនិងពលរដ្ឋ យ៉ាងអង់អាចក្លាហានជាទីបំផុត។ សម្តេចរដ្ឋសភាធិបតី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ ផងដែរ។
សម្តេច បានគូសបញ្ជាក់ថា មហាគ្រួសារខ្មែរ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្សធម៌ គំាទ្រ លើកទឹកចិត្តគ្រប់បែបយ៉ាងទំាងថវិកា សម្ភារៈ និងកម្លំាងកាយចិត្ត ជូនដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក នៅក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមការលំបាក ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃនិងទំាងកំរោល របស់ទាហានថៃមកលើអធិបតេយ្យកម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារបូរណភាពទឹកដី។
អំណោយដែលគណៈកម្មការទី៨ រដ្ឋសភាប្រគល់ជូន សម្តេចប្រធានរដ្ឋសភានាពេលនេះមាន ម៉ាសការពារសារធាតុពុលចំនួន៥ពាន់ម៉ាស ស្មើថវិកា៥ម៉ឺនដុល្លារ និងថវិកាចំនួន៥ម៉ឺនដុល្លារ សរុបជាទឹកប្រាក់១០ម៉ឺនដុល្លារ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងគ្រាលំបាកនេះ សាមគ្គីភាពជាកក្តាសំខាន់បំផុតដើម្បីតតំាងនឹងចោរសៀមឈ្លានពាន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍បន្តថាឆ្លើយតបការគិតគូររបស់ថ្នាក់ដឹកនាំកំពូល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាដើម្បីតបស្នងសងគុណដល់ពលីកម្មដ៏ធំធេងរបស់វីរយុទ្ធនៅសមរភូមិមុខ។ រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕






