រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដឹកជញ្ជូនជំនួយជាបន្ដបន្ទាប់ទៅសមរភូមិមុខ និងជនភៀសសឹកទិសខេត្តព្រះវិហារ
(ព្រះវិហារ)៖ អំណោយមនុស្សធម៌ជាច្រើនមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ ដឹកជញ្ជូនជាបន្តបន្ទាប់ទៅគោលដៅសមរភូមិជួរមុខ ទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជាបន្តបន្ទាប់ចំនួន៩ រថយន្តធំ-តូច រួចមកហើយ។ ក្រោយពីផ្ទុះការបាញ់ផ្លោងចូលឈ្លានពានជាថ្មីរបស់ទាហានថៃ មកក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃនេះ នៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ។
លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់អំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដែលលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចេញមកទទួលដោយផ្ទាល់ នៅសាលាខេត្តព្រះវិហារ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់សាលារាជធានីភ្នំពេញទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀងគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់កងទ័ពនៅសមរភូមិជួរមុខ ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារ គ្រប់កាលៈទេសៈ។






