ជនភៀសសឹកជាង ២០០គ្រួសារ ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ទទួលបានអំណោយពីភរិយារបស់ស្នងការនគរបាលខេត្តស្វាយរៀង

(សៀមរាប)៖ លោកស្រី អ៊ុច ស្រីស្រស់ ភរិយារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋភៀសសឹកជាង ២០០គ្រួសារ ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកស្រី អ៊ុច ស្រីស្រស់ បានលើកឡើងថា ក្នុងស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។
ក្នុងឱកាសនោះ លោកស្រីក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគអាហារក្រៀម សម្ភារប្រើប្រាស់ជាច្រើន និងថវិកា មកប្រគេនព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដើម្បីចាត់ចែងចែកបន្ត និងបម្រុងទុកដើម្បីធ្វើម្ហូបអាហារចែកជូនដល់បងប្អូនជនភៀសសឹកផងដែរ។
ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងនិងលោកស្រី ព្រមទាំងបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរ ដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ខេត្តសៀមរាប។
ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ជនភៀសសឹក ដែលបានមកស្នាក់នៅវត្តប្រាសាទគោកចក មានចំនួន២១១គ្រួសារ ស្មើនឹង៦៧០នាក់ មានស្រីចំនួន ៤១០នាក់, ចាស់ជរាចំនួន ២៩នាក់, ស្រ្តីមានផ្ទៃពោះចំនួន១១នាក់, ក្មេងចំនួន ១៨៥នាក់ និងជនពិការចំនួន ០៥នាក់ផងដែរ។
ព្រះគ្រូចៅអធិការ មានថេរដីកាបញ្ជាក់ថា ជនភៀសសឹកទាំងអសើ គឺមានការទំនុកបម្រុងពីព្រះសង្ឃ គណៈកម្មការ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងនោះដែរ ទទួលទានអាហារ ០៣ពេលក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះសិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ក៏មានលោកគ្រូ អ្នកគ្រូ មកជួយបង្រៀនដោយផ្ទាល់ នៅក្នុងវត្តតាមមេរៀនបន្តដែលសិស្សានុសិស្សមិនបានរៀន ហើយត្រូវបានភៀសសឹកឆ្ងាយពីសាលា។
ព្រះគ្រូចៅអធិការ ក៏សូមអំពាវនាវដល់សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ទាំងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីជួយផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹកយើង ដែលកំពុងស្នាក់នៅក្នុងវត្ត រួមនឹងទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ៕

You might also like