ជនភៀសសឹកចំនួន៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល

(បាត់ដំបង)៖ ជនភៀសសឹកចំនួន៦គ្រួសារ មកពីភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមកស្នាក់នៅក្នុងដីចំការរបស់ប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល។
ការប្រគល់អំណោយមនុស្សធម៌ពីសប្បុរសជននេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ តាមរយៈលោក គុយ វណ្ណូ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល ដែលចាត់ លោក នូវ ឫទ្ធី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រហមកម្ពុជាស្រុកយកទៅប្រគល់ជូន។ ក្នុងការប្រគល់នេះក៏មានការនិមន្តចូលរួមពីព្រះវជ្ជប្បញ្ញា គុជ សេង ព្រះអនុគណស្រុក និងជាព្រះប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល និងសហការីផងដែរ ដែលបានបាននិមន្រ្តនិងអញ្ជើញចុះទៅសួរសុខទុក្ខ។
នៅក្នុងឱកាសនោះ លោក នូវ ឫទ្ធី បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងផ្តាំផ្ញើសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ព្រោះថាពេលនេះបងប្អូនទាំងអស់បានមកដល់ទីកន្លែងមានសុវត្ថិភាពហើយ។ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរជាប់ជានិច្ច និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។
អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេសតូច នំ២ថង់ ទឹកសុទ្ធ២យួរ និងថវិកា៥០,០០០រៀល និងបន្លែមួយចំនួនផងដែរ៕

You might also like