កម្មករ-កម្មការិនី ដង្ហោយស្វែងរកសន្តិភាព ខណៈភាគីថៃ បន្តឈ្លានពានកម្ពុជា និងមិនគោរពបទឈប់បាញ់

គិតមដល់ពេលនេះ មានរយៈប្រមាណ៧ខែហើយដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើកម្ពុជាដែលបង្កឱ្យប្រទេសជាតិ និងប្រជាជនប្រទេសទាំងពីររងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិត, តាមរយៈទង្វើដ៏ឃោរឃៅរបស់ថៃនេះ មហាគ្រួសារខ្មែរទាំងអស់ ជាពិសេសកម្មករកម្មការិនីរោងចក្រកាត់ដេរបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ។
លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធានផ្នែកតុកាត់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ក្នុងនាមជាពលរដ្ឋ ក៏ដូចជាតំណាងកម្មករនិយោជិតទាំងអស់ ពិតជាមិនអាចទទួលយកបានដាច់ខាត ចំពោះអំពើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃ ដែលបានបើកការឈ្លានពានម្តងហើយ ម្តងទៀត មកក្នុងទឹកដីរបស់កម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពាន ខូចខាតផ្ទះសម្បែង និងបានឆក់យកអាយុជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជាជាច្រើនផងដែរ។ លោកបានបញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមដូចប្រទេសថៃឡើយ ដែលប្រទេសថៃស្រេកឃ្លានតែសង្គ្រាម។ ដូចដឹងហើយថា សង្គ្រាម មានតែពាក្យថា បំផ្លាញប៉ុណ្ណោះ។
មិនខុសគ្នានេះ កម្មករ កម្មការិនី រោងចក្រដូចគ្នាខាងលើ បានផ្ញើរសារអំពាវនាវដល់សហគមន៍អន្តរជាតិ និងជាពិសេសស្នើសុំឱ្យម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព គឺសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន សូមជួយអន្តរាគមន៍លើករណីយោធាថៃបើកការបាញ់ប្រហារឈ្លានពានចូលមកដែនអធិបតេយ្យភាពកម្ពុជា។ កម្មករ កម្មការិនីទាំងនេះ បានបន្ថែមទៀតថា ដោយសារការឈ្លានពានដ៏ព្រៃផ្សៃនេះ ទើបហ៊ានប្រកាសស្នើដល់សហគមន៍អន្តរជាតិ ពិសេសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ សូមជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជាផង។
ដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃរាប់ម៉ឺនអង្គ/នាក់ មកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីដើរព្យុហយាត្រាដើម្បីសន្ដិភាព ក្នុងគោលបំណងចង់បង្ហាញពីការចង់បានសន្ដិភាពទៅកាន់ពិភពលោកឱ្យបានដឹង គ្រាដែលកម្ពុជា បាននិងកំពុងរងការឈ្លានពានពីយោធាថៃលើបញ្ហាព្រំដែនរហូតប៉ះទង្កិចដោយអាវុធ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានប្រកាសម្តងហើយ ម្តងទៀតថា រាល់ថ្ងៃនេះពិតជាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំង សងខាង ព្រោះនេះជាអ្វីដែលកម្ពុជា ធ្លាប់បានឆ្លងកាត់រួចហើយ៕

You might also like